អភិបាលខេត្តកំពង់ចាម ជំរុញឲ្យពលរដ្ឋ ខិតខំ ប្រកបមុខរបរផ្សេងៗ ដេីម្បីលេីកកម្ពស់កម្រិតជីវភាព បន្ទាប់ពីអាជ្ញាធរស្ថាបនាផ្លូវឆ្លងកាត់

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា តាម រយៈគោលដៅ រួម ក្នុងការ កាត់បន្ថយ ភាព ក្រីក្រ និង ការលេីក កម្រិត ជីវភាព របស់ បងប្អូន ប្រជាពលរដ្ឋ អាជ្ញាធរខេត្ត រួមនឹង ក្រុងកំពង់ចាម បាន គិតគូរ ដល់ការលេីក កម្ពស់ កម្រិត ជីវភាព ពលរដ្ឋ តាម រយៈ ការ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ពន្ធ័ ដោយ ថ្មីៗ នេះ អាជ្ញាធរ បាន ធ្វេី ការ ស្ថាបនា ផ្លូវកៅស៊ូ ១ខ្សែ ចេញ ពី វត្ត បឹងស្នាយ រហូត ដល់ ភូមិ តាមាង ស្រុកកំពង់សៀម ឲ្យបាន រួចរាល់ ក្នុង អំឡុង ខែ ១១ ឆ្នាំ ២០២១ខាងមុខ នេះ ដែល អាចធ្វើ ឲ្យ ប្រជាពលរដ្ឋយេីង ប្រកប មុខរបរ ផ្សេងៗ ដេីម្បី ពង្រឹង ជីវភាពគ្រួសារ ឲ្យកាន់តែ ប្រសើរ ឡើង ។ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាស នាំយកអំណោយ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហម កម្ពុជា ចែក ជូន ប្រជាពលរដ្ឋ រងគ្រោះ ដោយ ខ្យល់ កន្ត្រាក់ ៧០គ្រួសារ ក្នុង សង្កាត់ សំបួរមាស ក្រុងកំពង់ចាម កាលពី រសៀល ថ្ងៃ ទី ៨ ខែឧសភា ឆ្នាំ ២០២១ ។

ក្នុង នាម ប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជា ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន សំដែង នូវ ការ សោកស្ដាយ ចំពោះ ឧប្បត្តិហេតុ ដែល បង្ក ការ រំខាន ដល់ ការ រស់នៅ ក៏ដូចជា ការ ប្រកប មុខរបរ ប្រចាំថ្ងៃ របស់ បងប្អូនប្រជាពលរដ្ឋ ស្របពេលដែល យើង កំពុង ជួបប្រទះនូវ ផលលំបាក នៃ ជំងឺ កូវីដ -១៩ ដែល ធ្វើ ឲ្យ ជីវភាព យើង ថមថយ ដែល ហៅថា ទុក្ខ ជាន់ថែម លើ ទុក្ខ ទោះជា យ៉ាងណា អាជ្ញាធរ បាន ខិតខំ រិះរក វិធី ដោះស្រាយ តាម រយៈ អំណោយ មនុស្សធម៌ របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដេីម្បី ឲ្យ ប្រជាពលរដ្ឋ មាន លទ្ធភាព កសាង លំនៅឋាន ឡើង វិញ និង បន្ត មុខរបរ ទទួលទាន ផងដែរ ។

ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ស្នេីសុំ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យខិតខំ ដោយ ខ្លួនឯង បន្ថែម ទៀត ព្រោះ យេីង មិន អាច ពឹងពាក់លេី កត្តា ណាមួយ ដែល អាចធ្វើ ឲ្យ ជីវភាព យើង រីកចម្រើន មានបាន ដោយ គ្មាន ការ ខិតខំ ប្រឹងប្រែង ចេញ ពី សំណាក់ បុគ្គល ខ្លួន យើង ឬដោយ គ្រួសារ យើង នោះឡើយ ។ ដោយអាជ្ញាធរ បាន ខិតខំ ប្រឹងប្រែង ធ្វេីការ អភិវឌ្ឍន៍ ជំរុញ ដាក់ ចេញ ជា កម្មវិធី នយោបាយ កំណែទម្រង់ ដេីម្បី លេីក កម្រិត ជីវភាព របស់ ប្រជាពលរដ្ឋ អញ្ចឹង យើង ត្រូវ ចេះ ឆក់ យក ឱកាស នេះ ដេីម្បី ពង្រឹង ជីវភាពគ្រួសារ យើង តាម រយៈ ការបង្កើត មុខរបរ សុចរិត ការ ដាំដុះ ដំណាំ កសិកម្ម ឬ ក៏ ធ្វើការ លក់ដូរនូវ អ្វី មួយ ដើម្បី បង្កើន ជីវភាព គ្រួសារ ឲ្យ កាន់តែ ប្រសើរ ឡើង នេះ ជា ការ រស់នៅ ក្នុង សង្គមប្រកប ដោយ សុខដុមរមនីកម្ម ដែល យើង ទទួល ផល ដោយ សមធម៌ តាម រយៈ កម្មវិធី នយោបាយ របស់ រាជរដ្ឋាភិបាល កម្ពុជា ។

គួរ បញ្ជាក់ ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន គ្រួសាររងគ្រោះ ទាំង ៧០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ២៥គីឡូក្រាម , មី ១កេស, ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ ត្រីខ ១០កំប៉ុង , ឃីត ១ និង ថវិកា ១០០,០០០ រៀល ផងដែរ ៕