អតីតយុទ្ធជន សប្បាយចិត្តឥតឧបមា ដោយសាររស់នៅលើផ្ទះថ្មីនៅលើដីសម្បទានសង្គមកិច្ច ក្រោមការតបស្នងសងគុណដ៏មានតំលៃមិនអាចកាត់ថ្លៃបានពីសម្ដេចតេជោហ៊ុន សែន

ខេត្តកំពង់ធំ៖  អតីតយុទ្ធជន ១៥៦គ្រួសាររស់នៅក្នុងខេត្តកំពង់ធំ ត្រៀមមករស់នៅលើដីសម្បទានសង្គមកិច្ច កន្លងមកមានជីវភាពលំបាកខ្វះខាត មានជម្រកស្នាក់នៅមិនសមរម្យ  ឥលូវក្រោមការយកចិត្តទុកដាក់ របស់សម្ដេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  មកលើជីវភាពរស់នៅរបស់ អតីតយុទ្ធជន អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលបានកើតឡើងដោយសារសង្គ្រាម និងការពារបុព្វហេតុជាតិមាតុភូមិ ។

ជាក់ស្តែងអតីតយុទ្ធជនជាច្រើនគ្រួសារ មានចិត្តសប្បាយរីករាយក្រែលែង ដែលបានមករស់នៅលើផ្ទះថ្មីនៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ  ដែលនេះមិនមែនជាការសម្រមើស្រម័យ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដោយសារកន្លងមក គ្រួសារខ្លះសុំផ្ទះបងប្អូនជ្រកកោន អ្នកខ្លះសង់ខ្ទមលើដីបងប្អូនរស់នៅ អ្នកខ្លះមានដីហើយតែ ពុំមានលទ្ធភាពសាងសង់លំនៅដ្ឋានបានសមរម្យ។

អតីតយុទ្ធជនបានគោរពថ្លៃអំណរគុណ ឯកឧត្ត នាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ រួមទាំងឧត្តមសេនីយទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារសមាគមស្រុកក្រុង ដែលខ្នះខ្មែងជួយឲ្យអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ទទួលបានផ្ទះថ្មី នៅលើដីសម្បទានសង្គមកិច្ច។

ដោយឡែក នៅរសៀលថ្ងៃទី 8 ខែឧសភា ឆ្នាំ 2021 ឧត្តមសេនីយទោសោម ស៊ុន បានដឹកនាំសហការី ចុះជួបសំណេះសំណាល លោកលី វ៉ាន់ដេត អាយុ 60 ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ 1982 នៅអង្គភាពកងពលលេខ 4 ចាស់ពិការជើងដោយសារជាន់គ្រាប់មី ភរិយាឈ្មោះមាសសាម៉ុន អាយុ 59 ឆ្នាំមានចៅម្នាក់រស់នៅក្នុងបន្ទុក នៅឆ្នាំ 2017 បានចេញពីខេត្តឧត្តរមានជ័យ មករស់នៅស្រុកកំណើតវិញ ដោយសុំក្រោមផ្ទះបងប្អូនស្នាក់នៅ នៅភូមិថ្នល់ជាតិ ឃុំ បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

លោកលី វ៉ាន់ដេត ប្រកបមុខរបរស៊ីឈ្នួលឃ្វាលគោឲ្យគេ និងមានឈ្មោះ ក្នុងបញ្ជីត្រូវចាប់ឆ្នោតទទួលបានដីសម្បទានសង្គមកិច្ចនិងផ្ទះថ្មី ដោយសារលំបាកក្នុងការរស់នៅក្រោមផ្ទះបងប្អូន គាត់បានសម្រេចចិត្តនាំក្រុមគ្រួសារមកស្នាក់នៅបណ្ដោះអាសន្ននៅលើផ្ទះថ្មីក្នុងដីសម្បទានសង្គមកិច្ច ឧត្តមសេនីយ៍ទោសោម ស៊ុន បានឧបត្ថម្ភស្បៀងអាហារ និងថវិកាមួយចំនួនដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ជូនដល់គាត់ដើម្បីគាត់បានបន្តជីវភាពរស់នៅប្រចាំថ្ងៃ និងត្រៀមចាប់ឆ្នោតយកក្បាលដី  និងផ្ទះថ្មីមានទំហំ ៥x៧  ម៉ែត្រ មានតសំយ៉ាបផ្ទះទៅក្រោយផ្ទះ៣ ម៉ែត្រ  ហើយដីសម្បទានសង្គមកិច្ច មួយគ្រួសារទទួលបាន(មួយហិកតាកន្លះ )ស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ចនេះ ។ដោយ ប៊ុន រដ្ឋា