ជិះកង់ហាត់ប្រាណរាល់ល្ងាច អកុសលត្រូវរថយន្តបុកស្លាប់យ៉ាងអណោចអធ័ម!

ខេត្តស្ទឹងត្រែង៖ធ្លាប់ឃើញគាត់ជិះកង់ហាត់ប្រាណរាល់ល្ងាច ពេលនេះត្រូវរថយន្តបុកគាត់ស្លាប់បាត់ទៅហើយ ។បុរសវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈរងរបួសធ្ងន់ធ្ងរ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីរថយន្ត១គ្រឿងបោះពួយយ៉ាងលឿន បុកពីក្រោយពេញទំហឹង កាលពីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៦និង១៥នាទី ត្រង់ចំនុចក្បាលស្ពានមេគង្គ ត្រើយខាងកើត ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។នៅមុនពេលកើតហេតុ មានគេឃើញបុរស់វ័យចំណាស់ខាងលើ បានជិះកង់ហាត់ប្រាណពីត្រើយខាងកើតទន្លេមេគង្គសំដៅឡើងលើស្ពាន ខណៈដល់ចំនុចក្បាលស្ពាន ក៏ស្រាប់តែមានរថយន្ត១គ្រឿង បោះពួយយ៉ាងលឿន(ជិះគ្នា២នាក់)ក្នុងទិសដៅស្របគ្នា ក៏ជ្រុលទៅបុកពីក្រោយ បណ្តាលឲ្យបុរសចំណាស់ខាងលើនោះ ខ្ទាតធ្លាក់ចុះខាងក្រោមក្បាលស្ពានរងរបួសធ្ងន់ធ្ងរ ។ ក្រោយភ្លាមៗនោះ អ្នកនៅក្បែរកន្លែងកើតហេតុក៏បានទូរស័ព្ទហៅរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង មកដឹកយកទៅសង្រ្គោះផងដែរ តែជាអកុសលគាត់ត្រូវបានស្លាប់បាត់បង់ជីវិតក្រោយពេលគេបញ្ជូនដល់មន្ទីរពេទ្យ ។ បើតាមរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថាៈរថយន្តបង្ករម៉ាកតូយូតា តាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខ.កំពង់ចាម 2A.3323 បើកបរដោយបុរសម្នាក់ឈ្មោះ ហេង សុខណាក់ អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវាត់(រងរបួសស្រាល) រួមដំណើរដោយបុរសម្នាក់ទៀត ឈ្មោះ នាក់ខ្លឹម អាយុ២៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់(រងរបួសស្រាល) ។ ចំណែកបុរសវ័យចំណាស់ជាជនរងគ្រោះឈ្មោះ គង់ ខេង អាយុ៦៣ឆ្នាំ រស់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង(រងរបួសធ្ងន់)និងបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។ក្រោយពេលចវាស់វែង ពីមន្រ្តីនគរបាលចរាចរណ៍ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថារថយន្តបង្កស្ថិតក្នុងល្បឿនលឿន ហើយអ្នកបរល្មើសច្បាប់ ដោយបើកបរក្នុងស្ថានភាពមានជាតិអាល់កុលនៅក្នុងខ្លួន ។ រីឯជនរងគ្រោះ ធ្វើដំណើរប្រកាន់ស្តាំ ក្នុងទិសដៅពីកើតទៅលិច ។បច្ចុប្បន្នរថយន្តបង្ក និងកង់ ត្រូវបានជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើកំណត់ហេតុចងក្រងឯកសារ! រីឯសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសាច់ញាត្តិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯជនសង្ស័យជាអ្នកបើកបរ និងអ្នករួមដំណើរ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមនិតិវិធីច្បាប់ ៕