រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បើកឲ្យអាជីវករផ្សារសាលាលេខ៥ស្រុកកំពង់ត្រឡាចចូលលក់ដូរវិញហើយខណៈពេលដែលមន្ទីរជំនាញរកឃើញអ្នកឆ្លងថ្មីចំនួន 6 នាក់បន្ថែមទៀត

ខេត្តកំពង់ឆ្នាំង៖ក្រុមអាជីវករលក់ដូរក្នុងផ្សារសាលាលេខ 5 ស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច នាព្រឹកថ្ងៃទី 11 ខែឧសភាឆ្នាំ 2021 បានរួសរាន់ទៅចូលលក់ដូរវិញហើយបន្ទាប់ពីសេចក្តីប្រកាស របស់ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងស្ដីពីការអនុញ្ញាតឲ្យអាជីវករក្នុងផ្សារសាលាលេខ 5 បានលក់ដូរឡើងវិញ ។យោងតាមសម្រេចរបស់រដ្ឋបាលសាលា
ខេត្តកំពង់ឆ្នាំងបានសម្រេចអនុញ្ញាតឲ្យអាជីវករក្នុងផ្សាសាលាលេខ៥ ស្ថិតនៅក្នុងភូមិសាលាលេខ 5 ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ចូលលក់ដូរនិងប្រកបអាជីវកម្មឡើងវិញ ។

ក្នុងសេចក្តីប្រកាស របស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងដដែល ក៏បានអំពាវនាវឲ្យបងប្អូនអាជីវករ បន្តអនុវត្តឱ្យបាន ៣កុំ ៣ការពារ ដើម្បី ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ។

គួររំលឹកថាផ្សារសាលាលេខ 5 បានបិទចាប់ពីព្រឹកថ្ងៃទី 24 ខែមេសាឆ្នាំ 2021 បន្ទាប់ពីរកឃើញ ស្ត្រីជាអាជីវករលក់មាសចំនួន 4 នាក់ ដែលឆ្លង កូវិដ19 ។ ក្រោយការបិទផ្សារសាលាលេខ5 អាជ្ញាធរស្រុកកំពង់ត្រឡាចក៏បានប្រកាសឲ្យអ្នកពាក់ព័ន្ធ ពិសេសអាជីវករលក់ដូរក្នុងផ្សារកំពង់ត្រឡាច ស្ម័គ្រចិត្តទៅយកសំណាកដើម្បីពិនិត្យរកមេរោគ ជំងឺកូវិដ 19 ហើយក៏មានអាជីវករជាច្រើននាក់បានស្ម័គ្រចិត្តទៅយកសំណាកផងដែរ ។

ជាលទ្ធផល ការយកសំណាកអ្នកពាក់ព័ន្ធក្នុងផ្សារសាលាលេខ 5 ចំនួន 2 លើកពុំឃើញមានអ្នកឆ្លងនៅនោះទេ ។ ដោយហេតុនេះហើយទើបរដ្ឋបាលសាលាខេត្តសម្រេចឲ្យមានការបើកចូលលក់ដូរឡើងវិញ ។

ទោះយ៉ាងណានៅ ក្នុងសេចក្តីប្រកាសរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងមួយ ផ្សេងទៀត ដែលបានប្រកាសកាលពីថ្ងៃទី10 ម្សល់ម៉ិញនេះថា បានរកឃើញអ្នក ឆ្លងកូវីត.19 ថ្មី ចំនួន 6 នាក់ ដែល ក្នុងនោះមាន : ជនជាតិវៀតណាម១នាក់ នៅភូមិឆ្នុក ទ្រូឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ប្រវត្តិមកពីរាជធានីភ្នំពេញ .2 នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រីស្រុកជលគិរី ប្រវត្តិ ជាកម្មករនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ និង 4 នាក់ទៀត នៅភូមិកោះថ្កូវ ឃុំកោះថ្កូវស្រុកជលគីរី ប្រវត្តិទាំង៤នាក់ ជាកម្មករធ្វើផ្លូវ នៅជ្រោយចង្វារ រាជធានីភ្នំពេញ៕ សុខ គឹមសៀន