លោកស្នងការរង ប្រតិកម្មទៅលើអធិការស្រុកភ្នំព្រឹក ដែលចុះបង្ក្រាបបទល្មើសផ្ទុះអាវុធ និងដកហូតទ្រព្យសម្បត្តិគេ ហើយរាយការណ៍កុហក

0

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២១ នេះ លោកស្នងការរង កុយ ហៀង បានបញ្ថ្ងៃចេញនូវប្រតិកម្មយ៉ាងខ្លាំងទៅលើលោកអធិការស្រុកភ្នំព្រឹក បន្ទាប់ពីលោកបានទទួលព័ត៌មានថា ការចុះបង្ក្រាបមុខសញ្ញាចែកចាយថ្នាំញៀន នៅក្នុងមូលដ្ឋាន ដោយមានការផ្ទុះអាវុធជាច្រើនគ្រាប់ និងដកហូតទ្រព្យសម្បត្តិគេដោយ រាយការណ៍បិទបាំង និងកុហក ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង១២ និង ៣០ នាទី ថ្ងៃត្រង់ ដែលកន្លងទៅ
ថ្មីៗនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដែលដឹកនាំដោយលោកអធិការ ហេង បារាំង និងលោកអធិការរង សាន ង៉ែត រួមជាមួយនិងមេប៉ុស្តិ៍ ឈ្មោះ ម៉ៅ ផងដែរ បានចុះទៅកាន់ចំណុច ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីតាមរកមុខសញ្ញាជួញដូរគ្រឿងញៀន ។

អ៊ុំស្រីម្នាក់ដែលជាសាក្សីដ៏សំខាន់បាននិយាយថា នៅពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ចំណុចផ្ទះឈ្មោះ វ៉ែន អាង ( ជនសង្ស័យ ) គឺនៅពេលនោះជនសង្ស័យបានរត់គេចខ្លួនចេញទៅខាងក្រោយភូមិតាមវាលស្រែ បាត់ស្រមោលតែម្តង ដែលនៅពេលនោះហើយគឺសមត្ថកិច្ចបានដកអាវុធបាញ់គម្រាមចំនួន ៤ គ្រាប់
ធ្វើអោយរូបគាត់ដែលមានផ្ទះនៅក្បែ មានការភ័យស្លន់ស្លោររត់ចូលទៅក្នុងបង្គន់ ទាំងបេះដូងស្ទើរលោត ខុសចង្វាក់ ។

សាក្សីដដែលបានបន្តថា ក្រោយពីឈ្មោះ វ៉ែន អាង រត់ គេចខ្លួនបាត់ទៅនោះ សមត្ថកិច្ចបានចូលរុករើក្នយងផ្ទះដោយបានដកហូតទ្រព្យសម្បត្តិ និងសម្ភារៈមួយចំនួន យកទៅកាន់អធិការដ្ឋានអស់ ។ ភ្លាមៗនោះដែរ ស្ត្រីជា ប្រពន្ធ ឈ្មោះ កែ ចន្ដា បានមកដល់ផ្ទះគឺបានឃើញសម្ភារៈក្នុងផ្ទះមានសភាពរាយប៉ាយទើបសួរអ្នកជិតខាងក៏បានដឹងថា សមត្ថកិច្ចប្រមូលយកទៅអស់ហើយ ។

នាងបានរៀបរាប់ថា ទ្រព្យសម្បត្តិដែលសមត្ថកិច្ចយកទៅមាន ៖ ម៉ូតូ ១ គ្រឿង ដែលជារបស់ម្តាយ ទូរស័ព្ទដៃ
១ គ្រឿង សម្រាប់អោយកូនរៀនតាមអនឡាញ និងសម្ភារៈមួយចំនួនទៀត ។ ស្ត្រីជាភរិយាបានបន្តថា នៅល្ងាចថ្ងៃដដែលនោះ នាងបានធ្វើដំណើរទៅកាន់អធិការដ្ឋាន ប៉ុន្តែត្រូវបានមន្ត្រីប៉ូលិសនៅទីនោះប្រាប់ថា មេមិននៅទេ ទើបនាងក៏ត្រឡប់មកផ្ទះវិញ ។

ស្អែកឡើង ថ្ងៃទី ១១ នាងក៏ទៅម្តងទៀត ហើយក៏បានជួបដោយប៉ូលិសនៅទីនោះបានហៅចូលក្នុងបន្ទប់រួចសួរនាងថា តើមកនេះមានការអ្វី ? នាងក៏បានប្រាប់ថា មកសុំយកម៉ូតូ និងទូរស័ព្ទទៅវិញ ព្រោះម៉ូតូជារបស់ម្តាយដែលបានទុកចោលនៅក្នុងផ្ទះ រីឯទូរស័ព្ទគឺទុកអោយកូនរៀនអនឡាញ ពីអ្នកគ្រូវា តែត្រូវប៉ូលិសរូបនោះទាមទានូវទឹកប្រាក់ជាថ្នូរចំនួន ២ លាន រៀល តែនាងមានតែ ២០ មុឺនរៀលនៅជាប់នឹងខ្លួន ទើបរឿងនេះមិនអាចនិយាយគ្នាបាន ។

តាមការសាកសួរពីអ្នកសារព័ត៌មានក្នុងស្រុក នៅព្រឹក ថ្ងៃទី ១៣ នេះ លោកអធិការ ហេង បារាំង មិនបកស្រាយអ្វីច្រើនទេ គឺលោកនិយាយតែមួយម៉ាត់ថា ការចុះប្រតិបត្តិការនេះ គឺមានភស្តុតាង ត្រឹមត្រូវ
ហើយលោកក៏បានបិទទូរស័ព្ទតែម្តង ។

ដោយឡែកលោក ស្នងការរង កុយ ហៀង បានលើកឡើងថា លោកទទួលបានសេចក្តីរាយការណ៍ថា
មុខសញ្ញាបានរត់គេចខ្លួនហើយ និងបានដកហូតម៉ូតូ ១ គ្រឿង តែប៉ុណ្ណោះ លោកក៏បានប្រាប់វិញថា បើម៉ូតូមិនមានការពាក់ព័ន្ធនឹងបទល្មើសទេ ប្រគល់ទៅអោយក្រុមគ្រួសារគេវិញទៅ ។ ផ្ទុយទៅវិញទើបលោកដឹងថា
មានការបាញ់បោះចំនួន ៤ គ្រាប់ និងចូលរុករើយកតាំងពីទូរស័ព្ទ និងសម្ភារៈផ្សេងៗទៀត ដែលទង្វើនេះ
គឺខុសច្បាប់ទាំងស្រុក ព្រោះមិនបានបញ្ជាក់អោយបានច្បាស់ដើម្បីងាយស្រួលលោកធ្វើការរាយការណ៍ ទៅលោក ព្រះរាជអាជ្ញា ជាមុន ព្រោះបើធ្វើបែបនេះវាអាចខុសនឹងច្បាប់ ។ ចុងក្រោយលោកបានបញ្ជាក់ថា
លោកនឹងធ្វើការសាកសួរម្តងទៀតទៅលោកអធិការ ហេង បារាំង ៕ សោ និយមរ័ត្ន