អតីតយុទ្ធជនពិការស្រុកតាំងគោកបានទទួលខ្នងផ្ទះទី ១៩០ពីសម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត

0

ខេត្តកំពង់ធំ៖ លោកព្រិន្ទបាលឯក អុំ អំរិត ជាអតីតយុទ្ធជនពិការសម័យសង្រ្គាម មានជីវភាពខ្វះខាត បានទទួលផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះលើកទី ១៩០ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត តាមរយះ ឯកឧត្តម ទេសរដ្ឋមន្រ្តីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងដឹកនាំសាងសង់ដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ។

អតីតយុទ្ធជនពិការ អុំ អំរិត សមាជិកគ្រួសារក្នុងបន្ទុកចំនួន ៤ នាក់ មានជម្រកស្នាក់នៅ មិនសមរម្យ បច្ចុប្បន្នរស់នៅភូមិអ្នកវាំង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំឃុំ ត្រូវបានទទួលផ្ទះថ្មី ដែលប្រគល់ជូនដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានការចូលរួមពី អាជ្ញាធរដែនដី នៅល្ងាចថ្ងៃទី ១៣ខែឧសភាឆ្នាំ២០២១ ។

លោកព្រិន្ទបាលឯក អ៊ំ អំរិត អាយុ ៦0 ឆ្នាំ ចូលបម្រើកងទ័ពនៅឆ្នាំ ១៩៩០ មានតួនាទី ជំនួយការទីចាត់ការអភិវឌ្ឍន៍ នៃអគ្គបញ្ជាការ ត្រូវរបួសពិការនៅក្នុងសមរតំបន់ភូមិឱរ៉ាលស្ថិតក្នុងខេត្តកំពង់ស្ពឺ ក្នុងអំឡុងឆ្នាំ១៩៩៥ ភរិយាឈ្មោះ ញ៉ឹប សុផា អាយុ ៣៩ ឆ្នាំ បានទទួលផ្ទះដែលមានទំហំ ៤មX៦ម សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានគិតគូរ អំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ព្រោះអតីត​យុទ្ធជនជា បុគ្គលមានគុណចំពោះប្រទេសជាតិ កន្លងមកបានលះបង់សាច់ស្រស់ឈាមស្រស់ លះបង់សេចក្តីសុខក្នុងគ្រួសារ រួមទាំងអាយុជិវិត ដើម្បីបុព្វជាតិមាតុភូមិ សម្តេចបង្កើតជាសមាគមដើម្បីជួយទ្រទ្រង់ គាំពាដល់ អតីតយុទ្ធជន ដោយមិនដែលបោះបង់បងប្អូនម្តងណាឡើយ។

 

 ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ឧបត្ថម្ភជូនមានអង្ករ៥០គ.ក មីពីរកេស ទឹកត្រីទឹកស៊ីអ៊ីវ២ យួរ ទឹកសុទ្ធ០២យួរ ថវិកាមួយចំនួន និងរទេះរុញសម្រាប់ជនពិការចំនួន ០១ គ្រឿង និង បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការឆ្លង រីករាលដាលនូវមេរោគកូវីត១៩ គ្រួសារអតីតយុទ្ធជនពិការ ថ្លែងអំណរគុណដ៏ សម្ដេចតេជោហ៊ុន សែន គាំទ្រសម្តេចបន្តដឹកនាំនាវាសន្តិភាព ឆ្ពោះទៅរកភាពរីកចម្រើនបន្តទៀត។

ដោយ ប៊ុន រដ្ឋា