លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខដឹកនាំកម្លាំង បន្តដាក់គោលដៅត្រួតពិនិត្យយានជំនិះអនុវត្តវិធានការរដ្ឋបាលបំរាមគោចរ

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បង្កើនការយកចិត្តទុកដាក់រឹតបន្តឹងចំពោះបំរាមគោចរ និងល្បាតមើលការអនុវត្តវិធានរដ្ឋបាល ដែលបានដាក់ឲ្យប្រជាពលរដ្ឋអនុវត្ត សំដៅដល់ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។

នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកំលាំងសហការណ៍ជាមួយកំលាំង គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បន្តដាក់គោលដៅត្រួតពិនិត្យយានជំនិះអនុវត្តវិធានការរដ្ឋបាលបំរាមគោចរ ផ្អាកការធ្វើដំណើរចាប់ពីម៉ោង២០:០០ ដល់ម៉ោង៥:០០ ព្រឹក ចំនួន០២គោលដៅ ទី១.ចំណុចប្រសព្វស្តុបឧញ្ញ៉ា ម៉ុង ឫទ្ធី ផ្លូវ១០១៩ (ភំពេញ-ហាណូយ) ព្រំប្រទល់សង្កាត់ភ្នំពេញថ្មី និងសង្កាត់គោគឃ្លាង ខណ្ឌសែនសុខ។ គោលដៅទី២.មុខផ្សារទំនើបស៊ុបភើស្ទ័រ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងបន្តចុះល្បាតក្នុងភូមិសាស្ត្រសង្កាត់ទាំង៦ ក្នុងម៉ោងបំរាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅមូលដ្ឋានខណ្ឌសែនសុខ៕ដោយ៖ តុង សីហា