អតីតយុទ្ធជនពិការ១០ គ្រួសារមានជីវភាពលំបាកខ្វះខាតបានទទួលការជួយឧបត្ថម្ភស្បៀងអាហារពី ឯកឧត្តមហ៊ុន ម៉ាណែត

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការកំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញចុះសាកសួរសុខទុក្ខ អតីតយុទ្ធជនពិការ ១០គ្រួសារ កំពុងតែមានជីវភាពលំបាកខ្វះខាត និងបាននាំយកអំណោយ ស្បៀងអាហារ ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ ចន្ទមុន្នី នៅរសៀលថ្ងៃទី ១៦ខែឧសភា ឆ្នាំ ២០២១។

ពិធីចែកអំណោយ ជូនអតីតយុទ្ធជនពិការ១០ គ្រួសារ បានធ្វើនៅអារាមអាស្រមត្រពាំងរូង ស្ថិតនៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមទាំងក្រុមការងារ ដែលមានការចូលរួមពីសំណាក់អាជ្ញាធរដែនដី ក្នុងមួយគ្រួសារទទួលបាន អង្ករ 25 គីឡូក្រាម មីមួយកេស ទឹកត្រីមួយយួរ ទឹកសុទ្ធមួយយួរ និងត្រីខកំប៉ុង ១ យួរផងដែរ ។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាស៍ថា ខណៈពេលស្ថានភាពការឆ្លងរីករាលដាលមេរោគកូវិដ១៩ កំពុងតែរាត្បាតក្នុងសហគម បានធ្វើឲ្យមានផលប៉ះពាលនិងជីវភាពខ្វះខាត ក្នុងការរស់នៅប្រចាំថ្ងៃ របស់អតីតយុទ្ធជនដោយសារគាត់មិនអាចប្រកបមុខរបរអ្វីបាននោះឡើយ ដោយមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន បាននាំយកអំណោយមកជួយឧបត្ថម្ភជូនបានទាន់ពេលវេលា។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានផ្តាំផ្ញើរឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ខិតខំបង្កបង្កើនផល ដាំដំណាំបន្លែបង្ក ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ ក្នុងពេលរដូវភ្លៀងធ្លាក់នេះ និង ខិតខំថែរក្សាសុខភាពការពារទប់ស្កាត់កុំឱ្យឆ្លងមេរោគកូវីត19 ត្រូវតែប្រុងប្រយ័ត្នជាប់ជានិច្ច ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ 3កុំនិង 3 ការពាររបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ដោយ ប៊ុន រដ្ឋា