ក្រុមការងារសម្បុរសជន សារព័ត៌មានខេមរា បាននាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែតឧបត្ថម្ភជូនស្រ្តីមេម៉ាយមានកូនតូចៗ៤នាក់មានជីវភាពលំបាកក្រីក្រនៅស្រុកជីក្រែង

0

ខេត្តសៀមរាប៖ ស្រ្តីមេម៉ាយមានកូនតូចៗ៤នាក់ រស់នៅសែនលំបាកវេទនាក្នុងខ្ទមកំសត់ ក្រោមជម្រកស្បូវធ្លុះធ្លាយ បច្ចុប្បន្នសុំដីអ្នកភូមិរស់នៅ មានជីវភាពលំបាកខ្វះខាត រាល់ថ្ងៃនាំកូនហូបបាយជាមួយប្រហុកនិងអំបិល ដោយពុំដែលទទួលបាន ចំណីអាហារឆ្ងាញ់ម្តងណាឡើយ តែថ្ងៃនេះក្រោ​មការស្រណោះអាណិត ត្រូវបានទទួលអំណោយពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ្រ ចាន់មន្នី តាមរយះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង​កំពង់ធំ នៅរសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១។

ចំណែកការចុះប្រគល់ ត្រូវបានលោក ប៊ុន រដ្ឋា តំណាងឲ្យឧត្តមសេនីយទោ សោម ស៊ុន រួមជាមួយនិងក្រុមការងារ​សម្បុរសជន អង្គភាពសារព័ត៌មានខេមរា មានលោកប៊ុន រដ្ឋា លោក រៀម ឃី លោក ញ៉ុក ផុស លោក អ៊ុក ផ្លុង លោកព្រុំ សុខា និងអាជ្ញាធរដែនដី បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនស្រី ស៊ិន សាក់ ជាស្រ្តីមេម៉ាយ មានកូនៗ៤នាក់ ប្រុស២ស្រី២ ចំណែកស្វាម៉ីបានរត់ចោលនាង រយះពេល៣ឆ្នាំមកហើយ ដោយសារតែភាពក្រីក្រ បច្ចុប្បន្នរស់នៅ ភូមិព្រៃឆ្កា ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។

ប្អូនស្រី ស៊ិន សាក់ ជាស្រ្តីមេម៉ាយមានកូនតូចៗ៤នាក់ បានសម្រកទឹកភ្នែកដោយក្តីរំភើប ខណៈកន្លងមកពុំដែល បានទទួលការជួយឧបត្ថម្ភម្តងណាឡើយ ទើបតែថ្ងៃនេះ បានទទួលអំណោយមាន អង្ករ២បេ ស្មើរ៥០គ.ក ទឹកត្រីទឹកស៊ីអ៊ីវ៣យួរ ម្សៅសាប៊ូ៧កញ្ចប់ ទឹកសុទ្ធ៧យួរ មី៤កេស ត្រីខកំប៉ុង១យួរ និងថវិកា២៥ម៉ឺនរៀល ។

តំណាងលោកមេភូមិព្រៃឆ្ការ បានថ្លែងអំណរគុណ ឧត្តមសេនីយទោ សោម ស៊ុន និងសម្បុរសជន អង្គភាពសារព័ត៌មានខេមរា ដែលតែងតែគិតគូរនិងយកចិត្តទុកដាក់ មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នេះគឺជាលើកទី៣ មកហើយដែលសកម្មភាពមនុស្សធម៌ បានជួយដល់ប្រជាពលរដ្ឋក្នុងភូមិព្រៃឆ្កា បាននាំយកអំណោយមកជួយឧបត្ថម្ភដល់អ្នកក្រីក្រពិតៗ ចំគោលដៅ និងក្រីក្រជាទីបំផុត មានមុនរបរដើរស៊ីឈ្នួលគមួយថ្ងៃ ទិញអង្ករមួយថ្ងៃ ដើម្បីដាំបាយហូបជាមួយអំបិល និងប្រហុកជារៀងរាល់ថ្ងៃ។

ប្អូនស្រី និងអាជ្ញាធរ បានអគុណឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងឧត្តមសេនីយទោ សោម ស៊ុន  រួមទាំងក្រុមការងារខេមរា ដែលបាននាំយកស្បៀងអាហារមកជួយឧបត្ថម្ភ ចំពេលដែលកំពុងតែមានការខ្វះខាតយ៉ាងខ្លាំងក្នុងការហូបចុកប្រចាំថ្ងៃ និងសូមជូនពរឲ្យ ជួបតែពុទ្ធពរទាំង៤ប្រកា គឺអាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ដោយ ប៊ុន រដ្ឋា