ប្រជាពលរដ្ឋរងគ្រោះបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ចំនួន៣៤ គ្រួសារ ក្នុងឃុំចំនួន២ស្រុកកំពង់ត្រាចខេត្តកំពត បានទទួលអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា

កំពត ÷ នៅថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០២១ លោកជំទាវ លាង ហៃ ជាវ តាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងមានការចូលរួមពីលោកជំទាវ លោកស្រីភរិយា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា មន្ត្រីអនុសខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម និងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជារួមមានគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ដើម្បីចូលរួមជួយរំលែកទុក្ខលំបាកប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ធ្វើឲ្យប៉ះពាល់ខូចខាតផ្ទះចំនួន៣៤គ្រួសារ ដែលពិធីនេះរៀបចំឡើងនៅក្នុងវត្តព្រះគោ (ហៅវត្តអូរ) ស្ថិតក្នុងភូមិដាស់ស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។
តាមរបាយការណ៍អាជ្ញាធរមូលដ្ឋានឲ្យដឹងថា គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយបាតុភូតខ្យល់កន្ត្រាក់បានធ្វើឲ្យប៉ះពាល់ខូចខាតផ្ទះសំបែងមានចំនួន៣៤គ្រួសារនេះ គឺនៅក្នុងឃុំបឹងសាលាខាងជើង និងឃុំដំណាក់កន្ទួតខាងជើង នៃស្រុកកំពង់ត្រាច ដែលក្នុងនោះ មានការខូចខាតធ្ងន់ធ្ងរផ្ទះសម្បែងចំនួន៦ខ្នង និងខូចខាតមធ្យមចំនួន២៨ខ្នង ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ លាង ហៃជាវ តាយ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងចូលរួមសោកស្ដាយពីសំណាក់ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់នាឱកាសនោះ។ លោកជំទាវលាងហៃ ជាវ តាយបានបញ្ជាក់ថា ជានិច្ចកាលសម្តេច កិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ដោយបានប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ របស់កាកបាទក្រហម ពោលគឺទីណាមានទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយជាប់ជានិច្ច។
លោកជំទាវលាង ហៃជាវ តាយក៏បានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋសូមកុំអស់សង្ឃឹមត្រូវខិតខំ កសាងជីវភាពគ្រួសារឡើងវិញ នឹងត្រូវថែរក្សាសុខភាពគ្រួសារឲ្យបានល្អ ដោយប្រកាន់យកនូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងបង្កបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្យបានល្អប្រសើរឡើងវិញ ។ពិសេសសូមអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្ត៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ចៀសវាងឲ្យបានការឆ្លងចូលក្នុងសហគមន៍ ដើម្បីគ្រួសារយើងសហគមន៍យើងនៅប្រទេសជាតិយើង។
អំណោយផ្តល់ជូនក្នុងឱកាសនោះមួយគ្រួសារៗរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ និងថវិកា៧ម៉ឺនរៀល (ដោយឡែកចំនួន៦គ្រួសារដែលទទួលរងការខូចខាតធ្ងន់ធ្ងរឧបត្ថម្ភបន្ថែមកៅស៊ូតង់១ដុំ និងថវិកា១០ម៉ឺនរៀលផងដែរ )៕ សិលា សារិន