រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រកាសសម្រេចបិទជាផ្លូវការហើយបន្ទាប់ពីរកឃើញកម្មករនៅក្នុងរោងចក្រ ហឹរ៉ាយហ្សិនអៅដរ មានអ្នកវិជ្ជមានកូវីដ19 ចំនួន៨៦នាក់ នៅស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង, រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នេះជាករណីរាលដាល នៃជំងឺកូវីដ19 ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ នៅថ្ងៃទី ២៣ ខែឧសភា នេះខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកវិជ្ជមានកូវីដ19 ចំនួន៨៦ នាក់ បន្ថែមទៀតដែលជាកម្មករ បុគ្គលិកខ្មែរ និងបរទេសបម្រើការងារ នៅ ក្នុងរោង
ចក្រ ហឹរ៉ាយហ្សិន អៅដរ នឹង រោងចក្រ តឹកហ្វុក ដែលមានទីតាំង នៅភូមិផ្សារត្រាច និងភូមិលង្វែក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ។

បើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលសាលាខេត្តដដែលក៏បាន រាយនាមឈ្មោះ កម្មករបុកលិគសរុបទាំងចំនួន ៨៦ នាក់ ដែលរកឃើញនៅថ្ងៃទី ២៣ខែឧសភានេះ គឺច្រើនលើសលប់ ធ្វើការនៅរោងចក្រ ហឹរ៉ាយហ្សិន អៅដរ និងមានតែ២នាក់ប៉ុណ្ណោះ ដែលធ្វើការនៅរោងចក្រ តឹកហ្វុក អ្នកមានវិជ្ជមានទាំងនោះ ពួកគាត់មានទីលំនៅស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ ស្រុករលាប្អៀរ និងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង និងមានមកពីខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និងខេត្តកំពង់ចាមផងដែរ។

ក្នុងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ដែរថាអ្នកវិជ្ជមានកូវីតទាំង ៨៦នាក់ខាងលើនេះ បានយកទៅដាក់ឲ្យព្យាបាលនៅ មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និងសម្រាកព្យាបាលនៅអាគាររោងចក្រ ហឹរ៉ាយហ្សិន អៅដរ។ ជាមួយគ្នានេះដែរ រដ្ឋបាលសាលាខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រាស្រ័យទាក់ទង ដោយផ្ទាល់និង ប្រយោល ជាមួយអ្នកមានវិជ្ជមានកូវីត19 ដូចបានរាយនាមមកនេះក្នុងអំឡុងពេល ១៤ ថ្ងៃ ត្រូវប្រញាប់ទៅយកសំណាកជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចនិងមណ្ឌលសុខភាពដែលនៅជិត បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19ដល់ក្រុមគ្រួសារយើងនឹងសហគមន៍យើង ។

សូមបញ្ជាក់ដែរថា រោងចក្រ ហឹរ៉ាយហ្សិន អៅដរ ដែលមានកម្មករបុគ្គលិក ចំនួន៨ពាន់៥០០នាក់ ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រេចបិទទ្វារ កាលពីថ្ងៃទី ២២ ខែឧសភា នោះបន្ទាប់ពីរកឃើញវិជ្ជមានកូវីដ19យ៉ាងច្រើនសន្ធឹកសន្ធាប់កាលពីថ្ងៃទី២១ខែឧសភាកន្លងទៅនេះ។

ជាចុងក្រោយនេះរដ្ឋបាលខេត្តកំពង់ឆ្នាំងក៏សូមសំណូមពរនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែទាំសុខភាពនិងអនាម័យខ្លួនឱ្យបានស្អាតជាប្រចាំនឹងត្រូវលាងដៃនឹងទឹក
សាប៊ូអាកុលជែលពាក់ម៉ាសឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងតាមការណែនាំរបស់រាជរដ្ឋាភិបាល បីកុំ បីការពារ៕សុខ គឹមសៀន