ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន៣៤ គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត

0

(ខេត្តកំពត)៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១ លោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត រួមដំណើរដោយលោកជំទាវ លោកស្រីភរិយា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា មន្ត្រីអនុសខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន៣៤គ្រួសារ (ក្នុងនោះខូចខាតធ្ងន់ធ្ងរ៦ខ្នងផ្ទះ និងមធ្យម២៨ខ្នងផ្ទះ ) មកពីឃុំបឹងសាលាខាងជើង និងឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ពិធីនេះរៀបចំអ្វើឡើងនៅក្នុងបរិវេណវត្តព្រះគោ (ហៅវត្តអូរ) ស្ថិតក្នុងភូមិដាស់ស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

នាឱកាសនោះដែរ លោកជំទាវ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែប្រកបមុខរបរបង្កបង្នផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង ។សូមអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម ៖ ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ព១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ , ២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩។

ចំពោះអំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ និងថវិកា៧ម៉ឺនរៀល។ ដោយឡែកចំនួន៦គ្រួសារដែលទទួលរងការខូចខាតធ្ងន់ធ្ងរឧបត្ថម្ភបន្ថែមកៅស៊ូតង់១ដុំ និងថវិកា១០ម៉ឺនរៀលផងដែរ៕ សេង ណារិទ្ធ