ការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះអន្តរាគមន៍ ចាក់ថ្នាំការពារជម្ងឺសាទឹកដល់សត្វពាហនៈរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង!

ខេត្តស្ទឹងត្រែង៖ជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបានចុះយុទ្ធនាការចាក់ថ្នាំការពារជម្ងឺ ដល់សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ ក្នុងស្រុកសេសានដើម្បីជៀសវាងការឈឺ និងស្លាប់បាត់បង់ជីវិតសត្វដែលបណ្តាលមកពីឆ្លងជម្ងឺ នៅក្នុងអំឡុងពេលរដូវភ្លៀងធ្លាក់នេះ ។

ការចុះអន្តរាគមន៍ចាក់ថ្នាំការពារខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងឃុំជាច្រើនតាមបណ្តាក្រុង.ស្រុកទាំង៦នៃខេត្តស្ទឹងត្រែងជាបន្តបន្ទាប់គ្នា ។ ជាលទ្ធផលសត្វគោ.ក្របីដែលទទួលបានការចាក់ថ្នាំការ
ពារជម្ងឺ នៅឃុំស្តៅ.ឃុំកំភុន.និងឃុំភ្លុក នាពេលកន្លងមក ខាងជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល ចាក់ថ្នាំការពារជម្ងឺសត្វគោបានចំនួន៨០៨ក្បាល និងសត្វក្របីបានចំនួន២៨ក្បាល នឹងបន្តចាក់ថ្នាំការពារនេះ នៅតាមឃុំបន្ទាប់ៗទៀត ។

ក្នុងសកម្មភាព ចុះអន្តរាគមន៍ចាក់ថ្នាំការពារជម្ងឺសារទឹកដល់សត្វគោក្របីនៅឃុំសាមឃួយ ក្នុងស្រុកសេសាន នាព្រឹកថ្ងៃ
ទី២៧ឧសភានេះផងដែរ លោក សៀង ម៉េងហ៊័ង ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបញ្ជាក់ថាៈការចាក់ថ្នាំនេះ គឺដើម្បីកាត់
បន្ថយអត្រានៃការឈឺស្លាប់គោក្របីរបស់ប្រជាពលរដ្ឋ ក្រោមការយកចិត្តទុកដាក់ពីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសា
ទ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដូចនេះទើបជំនាញធ្វើការចុះមកចាក់ថ្នាំការពារដល់សត្វចិញ្ចឹមជូនប្រជាពលរដ្ឋ ព្រោះក្នុងរដូវនេះ ជារដូវធ្លាក់ភ្លៀងផងនោះ វាធ្វើឲ្យសត្វងាយរងនូវជម្ងឺ និងបណ្តាលឲ្យស្លាប់ ។លោកថាៈដើម្បីជាវិធានការក្នុងការទប់ស្កាត់នូវជម្ងឺឆ្លងរាលដាលនេះ គឺត្រូវចាក់វាក់សាំងឲ្យបានទាន់ពេលវេលា ដើម្បីជួយសង្រ្គោះជីវិតសត្វគោក្របីរបស់ប្រជាពលរដ្ឋ ក៏
ដូចជាបង្កើននូវសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់! ព្រោះថាបច្ចុប្បន្ននេះ ទីផ្សារនៃការចិញ្ចឹមសត្វគោក្របីយកសាច់ គឺមានសន្ទុះសេដ្ឋកិច្វខ្លាំង ហើយនេះក៏ជាការរួមចំណែកមួយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ។

លោក សៀង ម៉េងហ៊័ង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានបញ្ជាក់បន្ថែមថាៈជម្ងឺសាទឹក គឺជាជម្ងឺមួយ
ដែលធ្វើឲ្យសត្វស្លាប់បានយ៉ាងរហ័ស ដោយមានអាការៈហើមពោះ ហើមក និងហៀរទឹកមាត់ បើសិនជាយើងចាក់វាក់សាំងការពារ មិនបានទាន់ពេលវេលានោះទេ នោះយើងនឹងពិបាកព្យាបាល ។ហើយចំពោះវាក់សាំងការពារជម្ងឺសាទឹកនេះ គឺត្រូវចាក់១ឆ្នាំពីរដង ក្នុងរយៈពេល៦ខែម្តងផងដែរ ។

លោកស្រី ខាវ ខាំអន មេឃុំសាមឃួយ ក្នុងស្រុកសេសាន បានសម្តែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំង ដែលជំនាញ នៃការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះមកផ្ទាល់ក្នុងការចាក់ថ្នាំការពារជម្ងឺ ដល់សត្វចិញ្ចឹមរបស់បងប្អូនប្រជាពលរដ្ឋ ខណៈប្រជាពលរដ្ឋ បានចិញ្ចឹម
សត្វតាមទម្លាប់របស់ពួកគាត់ ដោយធ្វើការលែងឲ្យដើររកចំណីដោយខ្លួនឯង ពាសវាលពាសកាល ក្នុងភូមិស្រុក ដែលជាហេតុនាំឲ្យងាយនឹងឆ្លងជម្ងឺផ្សេងៗ ក៏ដូចជាងាយនឹងស្លាប់បានគ្រប់ពេលវេលា ។ លោកស្រីក៏បានថ្លែងអំណរគុណដល់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង ដែលបានផ្តល់បទពិសោធន៍ក្នុងការចិញ្ចឹមសត្វតាមលក្ខណៈបច្ចេកទេស ព្រមទាំងវិធីនៃការចាក់វាក់សាំងដល់សត្វគោក្របីជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់លោកស្រីផងដែរ ។លោកស្រីថា នឹងពាំនាំបទពិសោធន៍ និងវិធីសាស្រ្តទាំងនេះ ពីជំនាញដើម្បី
ផ្សព្វផ្សាយជូនទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោកស្រី ៕