មន្ត្រីសុខាភិបាលអះអាងថាស្ត្រីអ្នកជម្ងឺនៅស្រុកពួកមិនបានស្លាប់ដោយសារលេបថ្នាំរបស់គ្រូពេទ្យគ្លីនិកឯកជនទេ

0

សៀមរាប៖ ប្រធានការិយាល័យនិយ័តកម្ម និងឱសថ គ្រឿងសំអាង នៃមន្ទីរសុខាភិបាលខេត្តសៀមរាប លោកស្រី លី វណ្ណៈ បានអះអាងថា ករណីស្ត្រីម្នាក់នៅស្រុកពួក បានស្លាប់ក្រោយពេលលេបថ្នាំ ដែលផ្តល់ដោយគ្រូពេទ្យរបស់គ្លីនិកឯកជនឈ្មោះស៊ីអិលស៊ីនោះ ជារឿងមិនត្រឹមត្រូវទេ។
ការអះអាងបែបនេះរបស់លោកស្រី លី វណ្ណៈ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថា ” ធ្លាយព័ត៌មានមិនប្រក្រតី ក្រោយគ្លីនិកឯកជនមួយឈ្មោះស៊ី អិលស៊ី ផ្តល់ថ្នាំឲ្យអ្នកជំងឺលេបហើយបានស្លាប់។ករណីនេះ ខាងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តអះអាងថា អ្នកជំងឺមិនបានលេបថ្នាំដែលគ្លីនិកផ្តល់ឲ្យនោះទេ។ តែសាច់ញាតិជនរងគ្រោះបញ្ជាក់ថា ជនរងគ្រោះបានលេបថ្នាំពីព្រលប់ លុះជិតភ្លឺក៏ស្លាប់”។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ក្នុងខណៈដែលចុះទៅសាកសួរព័ត៌មានបន្ថែមអំពីសាច់ញាតិស្ត្រីរងគ្រោះ នៅភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក នោះ លោកស្រី លី វណ្ណៈ បានឲ្យឡើងថា ការដែលលោកស្រីហ៊ានអះអាងថា ស្ត្រីរងគ្រោះមិនបានស្លាប់ដោយសារលេបថ្នាំនោះ គឺបន្ទាប់ពីក្រុមការងារបានស្រាវជ្រាវរកឃើញថា ថ្នាំដែលគ្រូពេទ្យឲ្យទៅស្ត្រីរងគ្រោះ នៅគ្រប់ចំនួនតាមវេជ្ជបញ្ជាទាំងអស់។
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ មានករណីស្ត្រី ឈ្មោះហ៊ាន់ ធន់ ភេទស្រី អាយុជាង៣០ឆ្នាំ នៅភូមិគោកដូង ឃុំត្រីញរ័ ស្រុកពួក ខេត្តសៀមរាប បានដេកស្លាប់នៅផ្ទះរបស់ខ្លួន។
បើតាមស្ត្រីឈ្មោះឡាំ ស្រីល័ក្ខ ដែលត្រូវជាប្អូនថ្លៃជនរងគ្រោះ បានបញ្ជាក់ថា មុនបងថ្លៃស្លាប់ រូបគាត់ជាអ្នកឌុបទៅបើកថ្នាំពីគ្លីនិក ស៊ី អិល ស៊ី នៅថ្ងៃទី២៣ខែ ឧសភាឆ្នាំ២០២១នេះ។ បន្ទាប់ពីត្រលប់មកដល់ផ្ទះវិញ បងស្រី (ជនរងគ្រោះ)បាននៅជជែកលេងជាមួយនាងរហូតដល់ម៉ោង១១យប់ក៏ចូលដេករៀងខ្លួន លុះភ្លឺឡើងក៏ស្រាប់តែបងថ្លៃស្លាប់តែម្តង តែមិនដឹងថា មូលហេតុអ្វីនោះទេ។
បើតាម ស្ត្រីឈ្មោះ ឡាំ ស្រីល័ក្ខ អះអាងថា នាងមិនដឹងថា គាត់បានលេបថ្នាំឬអត់នោះទេ ?
ជាមួយគ្នាករណីនេះដែរ យោងតាមឯកសារកោសល្យវិច្ច័យរបស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមការពិនិត្យសាកសព ពិនិត្យឯកសារព្យាបាល និងការសាកសួរមួយចំនួន ក្រុមគ្រូពេទ្យបានធ្វើការសន្និដ្ឋានថា ស្ត្រីរងគ្រោះ បានស្លាប់ដោយសារគាំងចលនាបេះដូង៕