អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ទទួលពលរដ្ឋចំនួន១៧នាក់ដែលពាក់ព័ន្ធនិងជំងឺកូវីត-១៩ ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ពីមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត!

ព្រះវិហារ៖ នៅអង្គភាពទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានទទួលយកប្រជាពលរដ្ឋ ចំនួន១៧នាក់ ពីមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលពាក់ព័ន្ធជាមួយអ្នកផ្ទុកវិជ្ជមានមេរោគកូវីត-១៩ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព របស់ពួកគាត់។

នេះបើយោងតាមព័ត៌មានដែលទទួលបានពីលោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ជា ឈុន បញ្ជាក់ថា ការទទួលយកពលរដ្ឋពីមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត មកធ្វើចត្តាឡីស័កនៅកងពលតូចអន្តរាគមន៍លេខ៨ គឺដោយសារតែមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត ពេញ។

លោកថា នៅក្នុងរយៈពេល១៤ថ្ងៃ នៃការស្នាក់នៅរបស់ប្រជាពលរដ្ឋ បើសិនជាពួកគាត់មានសុខភាពធម្មតា គឺមន្ត្រីជំនាញសុខាភិបាល អនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅឋានវិញ។ ប៉ុន្តែបើក្នុងរយៈពេល១៤ថ្ងៃ នៃថ្ងៃធ្វើចត្តាឡីស័ក សុខភាពរបស់ពួកគាត់រកឃើញថាមាន វិជ្ជមានមេរោគកូវីត-១៩ នោះមន្ត្រីជំនាញយកគាត់ទៅធ្វើការព្យាបាល នៅឯមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ។ លោកបន្តថា ចំពោះរយៈពេលស្នាក់នៅ ធ្វើចត្តាឡីស័ករបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរយៈពេល១៤ថ្ងៃនេះ គឺស្ថិតក្រោមការជួយឧបត្ថម្ភគាំទ្រទាំងស្រុងពីលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨។

ជាមួយគ្នានោះលោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ ក៏បានស្នើសុំឱ្យបងប្អូនយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះវិធានការណែនាំរបស់ក្រសួងសុខាភិបាល បានដាក់ចេញឲ្យអនុវត្ត ពិសេសអនុសាសន៍ណែនាំ ៣ការពារ ៣កុំ របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគដ៏កាចសាហាវឥតស្រមោល covid 19 ពីម្នាក់ ទៅម្នាក់ ពីសមាជិក ទៅកាន់គ្រួសារ និងសហគមន៍ជាដើម៕ សួនលីណា