រដ្ឋបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងអាជីវករ ដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺកូវីត១៩ ក្នុងសហគមន៍

(ខេត្តកំពត)៖ នៅ ព្រឹក ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត បានចូលរួមការទទួល អំណោយសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងអាជីវករ ដែលបាននាំយកមកប្រគល់ជូនរដ្ឋបាលខេត្តកំពត ដើម្បីចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីត១៩ក្នុងសហគមន៍ ជាពិសេស ក្នុងអំឡុងពេល នៃ ការផ្ទុះ ឆ្លង ជំងឺ កូ វីដ ១៩ ក្នុងខេត្តកំពតថ្មីៗនេះ។

អំណោយរបស់សប្បុរសជនក្នុងនោះរួមមាន៖
-ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី បានជូនឧបករណ៍ធ្វើតេស្តរហ័សកូវីដ១៩ចំនួន៣០០០ដើម

-ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា ជូនឧបករណ៍ធ្វើតេស្តរហ័សកូវីដ១៩ ចំនួន៤៥០ដើម និងថ្នាំពេទ្យចំនួន៤០០ប្រអប់

– ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានជូនថ្នាំពេទ្យ ១០០ប្រអប់ និងទឹកអាកុលចំនួន៧កានស្មើនឹង២១០លីត្រ

– លោកស្រី សុខ ងីម និង លោក ឈៀវ ប៊ុនស៊ឺ ជូនម៉ាស់៥ម៉ឺនម៉ាស់ និងទឹកអាកុលចំនួន៥ កានស្មើនឹង១៥០លីត្រ។

ក្នុងឱកាស នោះឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត បាន ថ្លែងអំណរគុណ ដល់ ថ្នាក់ដឹកនាំ និងអាជីវករ ក្នុងនោះមាន ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន និងឯកឧត្តមកិត្តិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ រួមនិងសប្បុរសជន ជាអាជីវករ ដែលបាននាំយកនូវអំណោយសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ថ្នាំពេទ្យនាពេលនេះ គឺជាអំណោយសប្បុរសធម៌ដ៏ប្រពៃណីក្នុងការផ្ដល់ជូនរដ្ឋបាលខេត្តកំពត ដែលកំពុងត្រូវការជាចាំបាច់ ដើម្បីបម្រើសកម្មភាពក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ។ ជាពិសេស សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នឹងធ្វើចត្តាឡីស័កក្នុងភូមិសាស្ត្រខេត្តកំពត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានបញ្ជាក់ថា ពាក់ព័ន្ធជំងឺកូវីដ១៩ ខេត្តតែងតែមានប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដោយបានណែនាំដាក់វិធានការនានាដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន និងជំនាញពាក់ព័ន្ធក្នុងកិច្ចសហការរួមគ្នាប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺកូវីដ១៩។ ហើយអំណោយទាំងនេះ ឯកឧត្តមនិងបន្តប្រគល់ជូនដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងជំនាញពាក់ព័ន្ធ ពិសេសដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃតំបន់ប្រឈមខ្ពស់មួយចំនួនក្នុងខេត្តផងដែរ។

ក្នុងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត សូមគោរពជូនពរដល់ថ្នាក់ដឹកនាំ និងអាជីវករម្ចាស់អំណោយ ដែលបាននាំយកមកប្រគល់ជូនដល់រដ្ឋបាលខេត្តកំពតនៅពេលនេះឱ្យទទួលបាន នូវសុខភាព ល្អ ជោគជ័យ គ្រប ភារកិច្ច ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន និងប្រកបអាជីវកម្មកាន់តែរីកចម្រើនថែមទៀត ចៀសផុតពី ជំងឺ កូ វីដ -១៩ ទាំងអស់គ្នា៕ សេង ណារិទ្ធ