ឧត្តមសេនីយ៍ទោសោម ស៊ុន ចុះត្រួតពិនិត្យនិងសួរសុខទុក្ខគ្រួសារយោធិនបានមរណភាពដោយខ្យល់កន្រ្តាក់រលំផ្ទះសង្កត់លើម្តាយនិងកូន

ខេត្តកំពង់ធំ៖ ក្រោយពីបានទទួល ដំណឹងដ៏សោកសៅថា គ្រួសារយោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ រលំផ្ទះសង្កត់លើម្តាយនិងកូន បណ្តាលឲ្យស្លាប់នៅក្រោមគំនរឈើ ក្រោមផ្ទះ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងក្រុមការងារបានចុះ ទៅដល់គោលដៅជាបន្ទាន់ ដើម្បីជួយអន្តរាគមន៍ចាត់ចែង ក្នុងករណីបុណ្យសព និងជួយនាំអ្នករបួសដឹកទៅមន្ទីពេទ្យជួយសង្រ្គោះអាយុជីវិត។
ហេតុការណ៍នេះបានកើតឡើង ដោយសារមានខ្យល់ភ្លៀងផ្គររន្ទះ នៅវេលាម៉ោង 2. 30 នាទីថ្ងៃទី 2 ខែមិថុនាឆ្នាំ 2021បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នងត្រូវបានរលំបាក់ដល់ដី ក្នុងនោះគ្រួសារយោធិនមួយរូប ត្រូវបានទទួលមរណភាពដោយផ្ទះរលំសង្កត់លើ រួមជាមួយកូន និងបងប្អូនចំនួន 2 នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ធំនៅភូមិអាត់ស៊ូ ឃុំជ័យស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បន្ទាប់ពីមានគ្រោះមហន្តរាយ ដោយបាតុភូតធម្មជាតិ ឧត្តមសេនីយ៍ទោសោម ស៊ុន លោកឧត្តមសេនីយ៍ត្រីញូងធីមេបញ្ជាការរងនាយសេនាធិការ រួមជាមួយកងកម្លាំងមួយចំនួនបាននាំយករថយន្តសង្គ្រោះបន្ទាន់ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់នេះ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានបន្តទៅចូលរួមបុណ្យសពលោកស្រីណាន លីន អាយុ 35 ឆ្នាំ ជាគ្រួសារយោធិន ដែលទទួលមរណភាពភ្លាមៗនៅនឹងកន្លែង ជាភរិយាលោកនាយចំណង់មឿន ឃឿន នៅក្នុងអង្គភាពកងការពារនៃបញ្ជការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវអំណោយរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជចន្ទមុន្នី ទៅជួយឧបត្ថម្ភក្នុងពិធីបុណ្យសពនេះផងដែរ មានអង្ករចំនួន 50 គីឡូក្រាមមីជំនួសពីការត្រីខចំនួនពីរយួរទឹកត្រីចំនួន 2 យួរទឹកសុទ្ធចំនួន 10 យូរ និងងថាវិកាមួយចំនួនផងដែរ ។
ដោយ ប៊ុន រដ្ឋា