រូបព្រះបដិមា ឧមាមហេស្វរ កម្ពស់ ៩ម៉ែត្រ និង រូបសំណាកសីហរាជមុខបីកម្ពស់១០.៩៤ម៉ែត្រ ដែលជាស្នាដៃកូនខ្មែរត្រូវបាននាំយកមកដាក់តាំងជានិមិត្តរូបក្នុងខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២១ នេះ បានរៀបចំប្រារព្ធពិធីក្រុង ពលីសុំម្ចាស់ទឹកម្ចាស់ដីលើកព្រះបដិមា ឧមាមហេស្វរ ដាក់តាំងនៅរង្វង់មូល មានទីតាំងស្ថិតនៅឃុំរាម ស្រុក ព្រៃនប់ និងរូបសំណាកសីហរាជមុខបី នៅសួនច្បារមុខរោងចក្រស្រាបៀអង្គរ ស្ថិតនៅសង្កាត់លេខ១ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា រង្វង់មូលដែលរៀប ចំដាក់ តាំងព្រះបដិមា ឧមាមហេស្វរ និងរូបសំណាកសីហរាជមុខបីខាងលើបានស្ថាបនា ឡើងរយៈពេល ៦ខែ ហើយ ថ្ងៃនេះរដ្ឋបាលខេត្តបានរៀបចំក្រុងពលីបួងសួងសុំសេចក្តីសុខ លើកព្រះបដិមា ឧមាមហេស្វរសូន្យពីលោហធាតុ (ស្ពាន់) មានកម្ពស់ ៩ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៧.៥០ម៉ែត្រ និងរូបសំណាកសីហរាជមុខបី សូន្យពីលោហធាតុ (ស្ពាន់) មានកម្ពស់១០.៩៤ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៦.៣៦ ម៉ែត្រ គឺជារូបសំណាកផលិតដោយស្នាដៃកូនខ្មែរ។
ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមការងារ បច្ចេក ទេសត្រូវធ្វើកែសម្រួលសួនច្បារមុខរោងចក្រស្រាបៀរអង្គរ ឱ្យមានសោភ័ណភាព បរិស្ថានល្អ ដើម្បីទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្តារាជធានីខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា បានចូល មកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត៕នាគសមុទ្រ