គ្រួសារសពអតីតយុទ្ធជន ទទួលបានថវិកា បេឡាមរណៈសង្គ្រោះ ពីតំបន់សឹករងខេត្តព្រះវិហារ!

ព្រះវិហារ៖ លោកវរសេនីយ៍ឯក ធៀម ធាន មេបញ្ជាការរង និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តំណាងលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ រួមនឹងសហការរី បាននាំយកថវិកាសង្គ្រោះចំនួន ៨លានរៀល ជូនផ្ទាល់ដល់ដៃក្រុម គ្រួសារសពអតីតយុទ្ធជន ចំនួនពីរគ្រួសារ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

យោងតាមសេចក្តីប្រកាសជាសាធារណៈតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ នៅថ្ងៃនេះ បានបញ្ជាក់ថា នាល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ធៀម ធាន មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា អនុប្រធាន ស.អ.ក ខេត្តព្រះវិហារ តំណាង លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងព្រះវិហារ និងជាប្រធាន ស.អ.ក ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ស.អ.ក ខេត្ត រួមជាមួយអនុប្រធាន ស.អ.ក.ស្រុក ប្រធានសាខា និងអាជ្ញាធរមូលដ្ឋាន នាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៨លានរៀល ស្មើនឹង ២សព ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន។

ក្នុងនោះក្រុមគ្រួសារសព ឈ្មោះ ភូ រ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនពិកា ជាសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលបានទទួលមរណៈភាពនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ រស់នៅភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នូវថវិកា ចំនួន ៤លានរៀល។ និងក្រុមគ្រួសារសព ឈ្មោះ ដុះ ហ៊ន ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនពិកា ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលបានទទួលមរណៈភាពនៅថ្ងៃទី០៧ នៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នូវថវិកាចំនួម ៤លានរៀល។

នៅក្នុងឳកាសនាំយកនូវថវិកាបេឡាមរណៈសង្គ្រោះនេះដែរ ជំនួសឱ្យលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា លោកវរសេនីយ៍ឯក ធៀម ធាន បានពាំនាំមតិផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូរដល់សុខទុក្ខ របស់បងប្អូនអតីតយុទ្ធជន នៅគ្រប់ស្ថានភាពទាំងអស់ ព្រោះកន្លងមកបងប្អូនបានលះបង់សាច់ស្រស់ឈាមស្រស់ កាយសម្បទា និងអាយុជីវិត ជូនជាតិមាតុភូមិ និងប្រជាជន។ ដូចច្នេះបានថ្នាក់ដឹកនាំរបស់យើងមិនដែលភ្លេចនូវសុខទុក្ខ ជាពិសេសគុណបំណាច់ និងការលំបាករបស់បងប្អូន អតីតយុទ្ធជនយើងជានិច្ច៕ សួនលីណា