នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីប្រើកាំបិតប៉័ងតោកាប់មនុស្សឲ្យរងរបួស

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីប្រេីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស) នៅចំណុចមុខផ្ទះគ្មាន លេខ ផ្លូវ លំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ ម៉ោង១៦និង០០នាទី។

លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាល ច្បារអំពៅទី២ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផេង លាងង៉ែត ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ពៅ ចំរើន ហៅ ខ្លី ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

លោកនាយប៉ុស្ដិ៍នគរបាលច្បារអំពៅទី២ បានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុជនរងគ្រោះកំពុងដេកនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដើរមកដល់ក៏យក កាំបិតប៉័ងតោគោះតុខ្លាំងៗនៅកន្លែងជនរងគ្រោះដេក រួចសួរជនរងគ្រោះថា ឃើញប្រពន្ធអញអត់? ជនរងគ្រោះឆ្លើយថា មិនឃើញទេ! ហើយក៏មានទំនាស់ពាក្យសម្តីគ្នា រួចជនសង្ស័យយកកាំបិតប៉័ងតោកាប់ជនរងគ្រោះចំក្បាលបែកចេញឈាម ពេលនោះក៏មានប្រជាពលរដ្ឋក្បែរនោះទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចយើងចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងកាំ បិតប៉័ងតោ០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណេកជនរងគ្រោះត្រូវបានក្រុម គ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី