ម្ចាស់ដីស្របច្បាប់អះអាងថា មិនបានប្រើគ្រឿងចក្រកាយដីផ្តាច់ផ្លូវសាធារណះ ដូចការចោទប្រកាន់ទេ និងអាជ្ញាធរមានសមត្ថកិច្ច វែកមុខមេក្លោង នៅពីក្រោយខ្នង

កណ្តាល៖ម្ចាស់ដីស្របច្បាប់ អះអាងថា មិនបានប្រើគ្រឿងចក្រកាយដីផ្តាច់ផ្លូវសាធារណៈ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ធ្វើអោយពលរដ្ឋរងទុក្ខ ដូចការផ្សព្វផ្សាយ ចោទប្រកាន់នោះទេ ។

ការកាយនោះគឺកាយលើដីកម្មសិទ្ធិរបស់ម្ចាស់ដីផ្ទាល់ ដើម្បីបើកអោយទឹកហូរចេញ ចូល ទៅដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋពិតប្រាកដផ្សេងទៀតដែលនៅក្បែរៗគ្នាដែលមានឯកសារកាន់កាប់ប្រើប្រាស់ដីទទួលស្គាល់ពីអាជ្ញាធរ ជួយរំដោះទឹកជូនដល់ពួកគាត់បង្ករបង្កើនផល មិនមែនកាយផ្លូវសាធារណៈដូចការចោទប្រកាន់ឡើយ ។ រីឯក្រុមមនុស្សប្រហែល២០នាក់មកតវ៉ា មិនមែនជាពលរដ្ឋពិតប្រាកដដែលមានដីអាស្រ័យផលនៅក្បែរទីតាំងដីនោះឡើយ ពួកគេគឺជាសកម្មជនញុះញង់រឿងដីធ្លី ដែលមានមេខ្យល់នៅពីក្រោយខ្នង។

តំណាងម្ចាស់ដីស្របច្បាប់ ថ្លែងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នេះថា អ្នកតវ៉ាប្រហែលជាង២០នាក់ នេះ គ្រាន់តែជាសកម្មជនញុះញង់រឿងដីធ្លី ប៉ុណ្ណោះ ពោលគឺ និយាយដោយត្រង់ ក្រុមស៊ីឈ្នួលដើម្បីញុះញង់តវ៉ា និងបង្កើតបញ្ហា មិនមែនជាប្រជាពលរដ្ឋ ស្លូតត្រង់ ពិតប្រាកដ ក្នុងមូលដ្ឋាន ឡើយ ហើយក៏ពុំដែលឃើញសកម្មជនញុះញង់ដីធ្លីប្រមាណ២០នាក់នេះ ទៅបេះត្រកួនព្រលិត រកត្រី កាប់អុសដុត ឬធ្វើស្រែនៅតំបន់ក្បែរៗនោះឡើយ។

ទន្ទឹមនេះ តំណាងម្ចាស់ដីស្របច្បាប់ សង្កត់ធ្ងន់ៗថា «ខ្លួនមានឯកសារត្រឹមត្រូវតាមផ្លូវច្បាប់ អំពីការកាន់កាប់ដីនេះ ជាអចិន្ត្រៃយ៍ និង ដោយស្របច្បាប់តាំងពីឆ្នាំ២០១៤ ហើយបានអាស្រ័យផល និង ដាំដំណាំជាច្រើនមានទាំងបង្គោលព្រំដី ក្រវ៉ាត់ព្រំដី ច្បាស់លាស់ផងដែរ »។

ទោះបីយ៉ាងណា ប្រសិនបើ សកម្មជនញុះញង់រឿងដីធ្លី ទាំងនេះ មិនអស់ចិត្ត គឺ អាចយកឯកសារពាក់ព័ន្ធ មកតតាំងគ្នាតាមផ្លូវច្បាប់បាន បើខ្លួនពួកគេពិតជាស្អាតស្អំនឹងធ្វើត្រូវតាមច្បាប់ តែពួកគេគ្មានឯកសារណាមួយបញ្ជាក់ពីអាជ្ញាធរសោះ ខណៈដីមួយនេះ គឺ មានម្ចាស់ដីស្របច្បាប់ និងបានបោះបង្គោលសម្គាល់ ក្រវ៉ាត់ព្រំដី រួចរាល់អស់ហើយ ដោយមិនមាននរណាម្នាក់មកតវ៉ា ឡើយ ។

ជាមួយគ្នានេះដែរ តំណាងម្ចាស់ដីស្របច្បាប់ ថ្លែងទៀតថា ខ្លួនបានរៀបចំឯកសារពាក់ព័ន្ធផ្លូវច្បាប់ រួចហើយ ដើម្បីអោយអាជ្ញាធរមានសមត្ថកិច្ច វែកមុខមេក្លោង នៅពីក្រោយខ្នង នៃការជួល និងអនុវត្តច្បាប់លើសកម្មជនញុះញង់ដីធ្លី ទាំងនេះ អោយទទួលខុសត្រូវចំពោះមុខច្បាប់។

ទន្ទឹមនេះផងដែរ តាមប្រភពដែលអង្គភាពសារព័ត៌មានទទួលបាន បានអោយដឹងថាអាជ្ញាធរមូលដ្ឋាន ក៏ពុំបានឃុបឃិតជាមួយ ឈ្មួញណាដើម្បីធ្វើបាបពលរដ្ឋ ដូចការចោទប្រកាន់គ្មានមូលដ្ឋាន ទាំងនោះឡើយ ។ ផ្ទុយទៅវិញ គេសង្កេតឃើញថា មានសកម្មជនញុះញង់ដីធ្លីប្រមាណជា២០នាក់នេះ បែរជាចេញមុខមកធ្វើសកម្មភាពញុះញង់ បង្កររឿងស្របពេលដែលអាជ្ញាធរកំពុងមមាញឹកនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិត១៩ ទៅវិញ ។

សូមបញ្ជាក់ថា តំណាងម្ចាស់ដីស្របច្បាប់ ចេញមុខបដិសេធបែបនេះ ក្រោយពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយ ថា ប្រជាពលរដ្ឋប្រហែល២០នាក់ នៅក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ចោទប្រកាន់ ថា មានការដាក់គ្រឿងចក្រជីកកាត់ផ្តាច់ផ្លូវសាធារណៈមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរចូលទៅអាស្រ័យផល ដូចជា នេសាទត្រី កាប់អុសដុត បេះត្រកួន ប្រលឹត ធ្វើស្រែចម្ការនៅក្នុងដីធ្លីរបស់ពួកគាត់ទេ ៕ ឆ ដា