អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យមើលសកម្មភាពបង្រៀននិងរៀនតាមប្រព័ន្ធ Online ក្នុងបរិបទកូវីដ១៩

ដោយសារតែមានការឆ្លងរាលដាលនេះជំងឺកូវីដ១៩ សាលារៀននៅទូទាំងប្រទេសត្រូវបានក្រសួងប្រកាសបិទទ្វារជាបណ្តោះអាសន្នដើម្បីការពារកុំអោយឆ្លងជំងឺដល់សិស្សនិស្សិត។ទោះជាសាលារៀនបានបិទទ្វារប៉ុន្តែដំណើរការរៀននិងបង្រៀនត្រូវបានធ្វើឡើងតាមគន្លងថ្មីគឺការរៀននិងបង្រៀនពីចំងាយ តាមប្រពន្ធ័អេឡិចត្រូនិកដែលគេនិយមហៅថា រៀនតាម online។ការសិក្សាអនឡាញ សិស្សនិងគ្រូ ចាំបាច់ត្រូវមានទូរស័ព្ទទំនើប មានកុំព្យូទ័រ និងមានបណ្តាញinternetដើម្បីទាក់ទងគ្នា។
មន្ទីរអប់រំយុវជនខេត្តព្រះសីហនុ អោយដឹងថា នៅខេត្តព្រះសីហនុមានសាលារៀនកម្រឹតវិទ្យាល័យចំនួន០៩ អនុវិទ្យាល័យមានចំនួន១៨ និងសាលាបឋមសិក្សាមានចំនួន៧២។
នៅដើមឆ្នាំសិក្សា២០២០-២០២១ មានសិស្សរៀនតាមប្រព័ន្ធអនឡាញចំនួន ៤២.៩៨១នាក់ ស្រី ២១.៤១១នាក់ ស្មើនឹងចំនួន៦៧.០៩% ។

ដើម្បីពិនិត្យមើលស្ថានភាពការបង្រៀននិងរៀនតាមអនឡាញនេះ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យសកម្មភាពនៃការបង្រៀននិងរៀនតាមប្រព័ន្ធ Online នៅវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន បានថ្លែងកោតសរសើរលោកគ្រូ អ្នកគ្រូដែលបានរៀបចំកម្មវិធីបង្រៀនពីងាយដើម្បីផ្តល់ឱកាសអោយសិស្សបានរៀនសូត្រក្នុងដំណាក់កាលដែលសាលាមិនទាន់បានបើកដំណើរការឡើងវិញដោយសារតែជំងឺកូវីដ១៩។
ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានផងដែរដើម្បីជាការលើកទឹកចិត្តក្នុងការខិតខំបំពេញការងារជូនពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម អភិបាល មានប្រសាសន៍ថា ទន្ទឹមនឹងការខិតខំរបស់លោកគ្រូអ្នកគ្រូ ការជម្រុញលើកទឹកចិត្តនិងតាមដានមើលការសិក្សារបស់កូនៗពីសំណាក់មាតាបិតា អាណាព្យាបាលក៏ជាកត្តសំខាន់មួយទៀតមិនអាចខ្វះបាន ដើម្បីជម្រុញការសិក្សារបស់សិស្សអោយទទួលបានលទ្ធផលល្អ។
ឯកឧត្តមបានស្នើផ្នែកពាក់ពន្ធ័ទាំអស់ត្រូវរួមគ្នាជួយជម្រុញតាមគ្រប់លទ្ធភាពនិងមធ្យោបាយក្នុងការ ពង្រឹងធនធានយុវជនយើងអោយបានខ្លាំងក្លា ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ក្រសួអប់រំក្នុងការផ្តល់ចំណេះដឹង ជំនាញ បំនិនប្រសប់ និងឥរយាបទថ្លៃថ្នូរសីលធម៌ល្អក្នុងសង្គម។

លោក ខែម រ៉ន នាយកវិទ្យាល័យស្ទឹងហាវ បានឱ្យដឹងថា វិទ្យាល័យស្ទឹងហាវ មាន ១៥ថ្នាក់ មានសិស្សសរុប ៥៦៦នាក់ ស្រី ២៦៩នាក់ មានលោកគ្រូ អ្នកគ្រូ ៣៨នាក់ ស្រី ១៥នាក់ សិស្សានុ សិស្សបានចូលរៀនតាមកម្មវិធី Goole Meet ចំនួន ៥១៨នាក់ សិស្សចំនួន ៤៥នាក់ មិនទាន់មានស្មាតហ្វូនប្រើប្រាស់។
សាលាបានបង្កើតក្រុមទំនាក់ទំនងជាមួយសិស្ស និងមាតាបិតាសិស្សតាមរយៈកម្មវិធី ១.Facbook ២.Messenger ៣.Telegram ៤.Google Classroom ។
លោកថាក្រៅពីការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកខាងលើ សាលាក៏មានការប្រើប្រាស់សន្លឹកកិច្ចការតាមបែបប្រពៃណី គឺការបែងចែកលោកគ្រូ អ្នកគ្រូចុះទៅតាមឃុំ ដោយវេចខ្ចប់កិច្ចការបញ្ជូនសន្លឹកកិច្ចការទៅមេឃុំ មេភូមិ ធ្វើការចែកជូនដល់សិស្សដែលគ្មានស្មាតហ្វូន ពេលធ្វើកិច្ចការរួចលោកមេភូមិជាអ្នកទទួលសន្លឹកកិច្ចការពីសិស្សមកសាលារៀនវិញ ម្យ៉ាងទៀតសិស្សដែលនៅជិតសាលាអាចមកយកសន្លឹកកិច្ចការនៅសាលាបាន ពេលធ្វើរួចយកមកសាលាវិញ។

ការអភិវឌ្ឍធនធានមនុស្សគឺជាវិស័យអាទិភាពបំផុតមួយក្នងចំណោមចតុស្តមទាំង៤(ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង)នៃគោលនោយាបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន។
ទាក់ទងនឹងការបណ្តុះធនធានពង្រឹងសមត្ថភាពនិងជំនាញយុវជននេះដែរកំពុងត្រូវបានយកចិត្តទុកដាក់ ពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ដែលមានឯកឧត្តម សាយ សំអាល់ ជាប្រធានក្រុការងារ។ក្នុងនោះគណកម្មការពង្រឹងវិស័យអប់រំក្រោមកិច្ចសហការពីក្រសួងអប់រំយុវជននិងកីឡាត្រូវបានរៀបចំឡើងក្រោមការដឹកនាំសម្រមសម្រួលដោយ លោក ជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ និងឯកឧត្តម សុខ គាង អនុរដ្ឋលេខធិការក្រសួងបរិស្ថាន។គណកម្មការនេះបាននឹងដាក់ចេញនូវផែនការនិងបេសកកម្មក្នុងការជួយលើកកំពស់បរិស្ថាននិងការសិក្សានៅតាមសាលានៅខេត្តព្រះសីហនុអោយកាន់តែមានភាពល្អប្រសើរឡើងធ្វើយ៉ាងណាពង្រឹងជំនាញ សមត្ថភាព យុវជនខេត្តព្រះសីហនុ អោយពួកគេមានឱកាសច្រើនទទួលបានការងារល្អដើម្បីលើកកំពង់ជីវភាព ស្របតាមបំណងប្រថ្នារបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវនៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕(សាវ៉ុន)