អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្តទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងពង្រឹងយន្តការអនុវត្តឲ្យមានប្រសិទ្ធិភាពថែមទៀត

0

(ខេត្កកំពត)៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្តទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងយន្តការអនុវត្តឲ្យមានប្រសិទ្ធិភាពថែមទៀត ។

កិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជំនាញ និងកងកម្លាំងពាក់ព័ន្ធ និងមានការតភ្ជាប់តាមរយៈ វីដេអូ Zoom ពីមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

កិច្ចប្រជុំផ្ដោត លើវឌ្ឍនភាពការងារពិនិត្យ ពិភាក្សាបញ្ហាប្រឈម ចំណុចខ្វះចន្លោះនៃការអនុវត្តកន្លងមកទាំងការងារគ្រប់គ្រងដឹកនាំ បញ្ហាប្រឈម ការដោះស្រាយ និងចំណុចខ្លាំង ចំណុចខ្សោយ ពាក់ព័ន្ធការងារបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពត។ ពិសេសក្នុងដំណាក់កាលចុងក្រោយដែលខេត្តកំពតមានករណីផ្ទុះឆ្លងកូវីដ១៩ យ៉ាងគំហុគដែលធ្វើឲ្យរដ្ឋបាលខេត្តមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្លាំងជុំវិញបញ្ហានេះ។

ពាក់ព័ន្ធក្នុងករណីខាងលើនេះក្នុងកិច្ចប្រជុំ លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ឲ្យដឹងថា កន្លងមកខេត្តកំពត មានការគ្រប់គ្រងបានល្អបញ្ហាការបង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តធៀបនឹងខេត្តរាជធានីមួយចំនួនក្នុងប្រទេស ធ្វើឲ្យសេវាកម្មអាជីវកម្មមួយចំនួន ពិសេសភ្ញៀវទេសចរណ៍ក្នុងខេត្តមានលក្ខណៈល្អប្រសើរ។ ប៉ុន្តែក្នុងដំណាក់កាលចុងក្រោយនេះមានការផ្ទុះឡើងយ៉ាងគំហុក បានធ្វើឱ្យជំនាញ និងរដ្ឋបាលខេត្ត មានការព្រួយបារម្ភនិងយកចិត្តទុកដាក់ខ្ពស់។ តែទោះបីយ៉ាងណា ការផ្ទុះនេះ នៅក្នុងសហគមន៍មានការគ្រប់គ្រងបានល្អ មិនមានកំណត់ជាតំបន់ក្រហមនៅឡើយទេ គឺការចម្លងភាគច្រើនផ្ដើមចេញពីអ្នកពាក់ព័ន្ធដែលមានការផ្ទុះឡើងនៅក្នុង កាសុីណូ (casino) និងសេវាកម្សាន្តមួយចំនួន។ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា តែទោះបីយ៉ាងណាមកដល់បច្ចុប្បន្ននេះ ស្ថានការគ្រប់គ្រង និងការព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ មានការធូស្រាល យ៉ាងយូរ រយៈពេលមួយអាទិត្យទៀត មានលក្ខណៈល្អប្រសើរឡើងវិញហើយ។

ក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានធ្វើការកត់សម្គាល់និង វាយតម្លៃថា លទ្ធផល នៃការដោះស្រាយនិងការគ្រប់គ្រង បញ្ហាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តកំពតនារយៈពេលកន្លងមក មានលក្ខណៈល្អប្រសើរ គឺដោយសារ កើតចេញពីការចូលរួមសហការគ្នាបានយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ អាជ្ញាធរ និងមន្ទីរ អង្គភាពជំនាញ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ពោលគឺ អនុវត្តតាមវិធានការសុខាភិបាល ពិសេសតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យការឆ្លងរីករាលដាល កូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពតមិនមែនលក្ខណៈទ្រង់ទ្រាយធំទេ។ ប៉ុន្តែទោះបីយ៉ាងណាក្នុងដំណាក់កាលចុងក្រោយនេះ មានករណីផ្ទុះឡើងការឆ្លងជំងឺកូវីដ-១៩ យ៉ាងគំហុក ដែលបានធ្វើឱ្យរដ្ឋបាលខេត្តក៏ដូចជាថ្នាក់ដឹកនាំ និងជំនាញពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់មានការព្រួយបារម្ភ និងត្រូវតែបង្កើនការយកចិត្តទុកដាក់ ពង្រឹងលើយន្តការគ្រប់គ្រងឲ្យល្អប្រសើរឡើងវិញនិងកាន់តែមានប្រសិទ្ធភាពថែមទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ អភិបាលរងខេត្ត ទទួលបន្ទុកក្រុង ស្រុក ក៏ដូចជាអាជ្ញាធរក្រុង ស្រុក នីមួយៗនិងជំនាញពាក់ព័ន្ធកងកម្លាំងសមត្ថកិច្ចទាំងអស់ ក្នុងខេត្ត ត្រូវបន្តអនុវត្តយន្តកាឲ្យបានកាន់តែល្អប្រសើរថែមទៀត។ ក្នុងនោះត្រូវ ផ្ដោតលើការរកទីតាំងដើម្បីធ្វើកន្លែងសម្រាប់បូជាសពអ្នកជំងឺកូវីដ-១៩ ឲ្យបានសមរម្យ ចៀសវាងមានការប៉ះពាល់ផ្សេងៗខុសវិធានការសុខាភិបាលក៏ដូចជាតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន។ ករណីសំណូមពរឬការដោះស្រាយបញ្ហាប្រឈមចាំបាច់ណាមួយ នៅក្នុងមណ្ឌលចត្តាឡីស័ក ឬកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ត្រូវតែធ្វើការដោះស្រាយទំនុកបំរុងឲ្យបានគ្រប់គ្រាន់ទាំងស្បៀងអាហារ និងការព្យាបាលឲ្យបានជាបន្ទាន់ទាន់ ឬរាយការណ៍មករដ្ឋបាលខេត្ត ដើម្បីជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានជូនអង្ករចំនួន ២០តោន ដល់រដ្ឋបាលក្រុង ស្រុកចំនួន៧ក្នុងមួយក្រុង ស្រុកទទួលបានអង្ករ ២តោន សម្រាប់ជួយដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនេះ ដោយឡែកសម្រាប់រដ្ឋបាលស្រុកកំពង់ត្រាច ដែលមានប្រជាពលរដ្ឋរងផលប៉ះពាល់ឆ្លងច្រើនទទួលបានអង្ករចំនួន៦តោន និងបានឧបត្ថម្ភថវិកាសរុបចំនួន៨០លានរៀលជូនដល់រដ្ឋបាលក្រុង ស្រុកទាំង៨ ដោយក្នុងមួយក្រុង ស្រុក ទទួលបានថវិកា១០លានរៀល សម្រាប់ជួយកសាងឈាបនដ្ឋានបូជាសពអ្នកជំងឺកូវីដផងដែរ៕ សេង ណារិទ្ធ