ផ្ទុះការតវ៉ា៖ គយចល័តផ្លូវជាតិលេខ១ចាប់រថយន្តដឹកផ្លែឈើទារលុយ២០លានរៀលអាជីវករមិនព្រមទុកផ្លែឈើដល់រលួយបានឲ្យវិញ

0

ខេត្តព្រៃវែង៖ គយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង រងការចោទប្រកាន់ពីអាជីវករដឹកផ្លែឈើពីវៀតណាម គាបទារលុយ២០លានរៀល រាប់ក្បាលឡាន កំណត់យកលុយ ចូលហោប៉ាវ ក្នុង១ជើងៗ ចាប់១០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល នេះបើយោងតាមអាជីវករផ្ដល់បទសម្ភាសន៍នៅព្រឹកថ្ងៃទី ០៩ ខែមិថុនាឆ្នាំ ២០២១មុខស្នាក់ការគយចល័តផ្លូវជាតិលេខ១។

ទង្វើគាបសង្កត់និងចាប់បង្ខំជំរិតយកលុយរបស់គយចាំការផ្លូវជាតិលេខ១ ធ្វើឲ្យអាជីវករហ៊ានស្បថដាក់ជីវិត ហ៊ានឱ្យក្រឡាប់ឡាន និងរន្ទះបាញ់ស្លាប់តៃហោង ប្រសិនជាពួកខ្លួននិយាយបំភ្លើសខុសការពិត» ប៉ុន្តែករណីនេះ មន្ត្រីគយបដិសេធថា«មិនដឹងទេ»។

ជាក់ស្ដែង៖ អាជីវករឈ្មោះ ជា ឆៃនី ភេទស្រីអាយុ២៨ឆ្នាំ បច្ចុប្បន្ននៅផ្សារនាគមាស ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បានបញ្ជាក់ថា៖ ខ្លួនដឹកផ្លែ(គូលែន)ពីវៀតណាម ចូលមកខ្មែរ ក្នុង១ជើងដោយប្រើរថយន្តវ៉េអង។គឺត្រូវបង់លុយឱ្យគយចល័តផ្លូវជាតិលេខ១ ចំនួន៣០ម៉ឺនរៀលយ៉ាងទៀងទាត់។ អ្នកស្រីបន្ថែមថា៖ រថយន្តគាត់មានក្រដាសបង់ពន្ធពីព្រំដែន ក៍នៅតែបង់លុយចូលហោប៉ាវ គយចល័តចំនួន៣០ម៉ឺនរៀលដដែល គឺរាល់លើកតែម្ដង។ ក្នុងនោះប្រសិនជា មិនមានក្រដាសស្នាមពីព្រំដែនទេ គឺត្រូវបង់លុយចូលហោប៉ាវគយចល័ត ច្រើនណាស់ដល់រាប់លានរៀលក្នុង១ជើងៗ!។

អាជីវកររូបនេះបានលើកឡើងទៀតថា៖ រឿងបង់លុយ ចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ទាំងនោះ ជាទម្លាប់ទៅហើយ សម្រាប់អ្នករកស៊ីដូចពួកខ្លួន គឺគ្មានអាជីវករ ណាម្នាក់គេចផុតឡើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រីហួសចិត្តខ្លាំងបំផុតនោះ គឺគយចល័ត តែងតែយកលុយពីអ្នកស្រីរាល់លើកសោះ!។

ចុះហេតុអី? បែរជាចាប់ រថយន្តដឹកផ្លែគូលែន របស់អ្នកស្រី នៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ ពោលគឺចាប់រថយន្ត ចូលស្នាក់ការ រួចទារលុយចំនួន២០លានរៀល ទើបដោះលែងវិញ!។ លុះអ្នកស្រីពុំមានលទ្ធភាពបង់លុយចំនួន២០លានរៀល តាមកំណត់ ជាហេតុនាំឱ្យមន្ត្រីគយចល័តផ្លូវជាតិលេខ១ ។ ទុករថយន្តរួមនិងផ្លែឈើឱ្យ នៅស្អុយក្នុងស្នាក់ការតែម្ដង។ បណ្ដាលឱ្យខាតទំនិញផ្លែឈើគាត់ អស់ប្រាក់ប្រមាណជា៥០.០០០$ឯណោះ។

ក្រុមអាជីវករផ្សេងទៀត បានអះអាងថា៖ ជារៀងរាល់លើកពួកខ្លួន តែងតែបង់លុយ ចូលហោប៉ាវមន្ត្រីគយចល័តផ្លូវជាតិលេខ១ យ៉ាងទៀងទាត់ ពោលគឺបង់តាមកំណត់ របស់មន្ត្រីគយ។ ខណៈរាល់ការបង់លុយទាំងនោះ គឺមិនដែលមានក្រដាសស្នាម ឬបង់ពន្ធចូលរដ្ឋអ្វីទេ ជាក់ស្ដែងហុចលុយឱ្យគយផ្ទាល់ដៃ..!។ ប្រភពដដែលបញ្ជាក់ថា៖ សម្រាប់រថយន្តដឹកផ្លែឈើចំណុះ២តោនកន្លះ ក្នុង១ជើងបង់លុយឱ្យគយចល័ត ចំនួន១០ម៉ឺនរៀលជាកំហិត!។ រថយន្តចំណុះ៥តោន បង់ចំនួន២០ម៉ឺនរៀលជាកំហិត រថយន្តវ៉េអងបង់ចំនួន៣០ម៉ឺនរៀលជាកំហិត។

ជាមួយគ្នានោះ តៃកុងឡាន រួមនិងអាជីវករ បានអះអាងដូចៗគ្នាថា៖ ពួកគាត់ហ៊ានស្បថដាក់ជីវិត ឱ្យក្រឡាប់ឡាន ឬរន្ទះបាញ់ស្លាប់តៃហោង ។
ប្រសិនជាខ្លួននិយាយបំផ្លើសខុសការពិត ចំពោះការបង់ លុយចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ។

ឆ្លើយតបនិងការលើកឡើងខាងលើលោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ បានថ្លែងថា៖ រថយន្តដែលចាប់នៅក្នុងស្នាក់ការនោះ គឺមកពីមិនបានបង់ពន្ធ! ។ ចំពោះសំនួររឿងយកលុយ៣០ម៉ឺនរៀលក្នុង១ឡាន.? លោក ផែន ភឿន បានបដិសេធថា មិនដឹងទេ! ។ រីឯលោក នី គឹមហួរ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ដែលនៅប្រចាំការ បានបដិសេធមិនបកស្រាយឡើយ ចំពោះរឿងលុយ៣០ម៉ឺនរៀលក្នុង១ឡាន?។

ទោះជាយ៉ាងណាក៍ដោយ ក្នុងមួយថ្ងៃៗមានរថយន្តរាប់សិបគ្រឿង បានដឹកទំនិញពីវៀតណាម ចូលមកខ្មែរ ទាំងយប់ទាំងថ្ងៃ។ ដោយឆ្លងកាត់ផ្លូវជាតិលេខ១ នឹងតែងតែឈប់នៅមុខស្នាក់ការ ចូលបង់លុយបាយទឹក ។
ជូនគយចល័តផ្លូវជាតិលេខ១ ជាប្រចាំមិនដែលខាន ជាហេតុនាំឱ្យលោក ផែន ភឿន សំងំកើបលុយ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ជាថ្នូរនិងមិនបង្ក្រាប បទល្មើសរត់ពន្ធ ឬផាកពិន័យចូលរដ្ឋ៕