អភិបាលខេត្តកំពង់ចាម​៖​ ពលរដ្ឋជាង៣០ម៉ឺននាក់​ ក្នុងស្រុកចំនួន៤​ ដែលប្រឈមខ្ពស់​ នឹងទទួលបាន​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​

កំពង់ចាម​:​ ថ្លែងក្នុងកិច្ច​ប្រជុំ​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ នាព្រឹក​ថ្ងៃទី​១០​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​លេីក​ឡើង​ថា​ ដោយមានការ​គិតគូរ​ចំពោះ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ ប្រជាពលរដ្ឋ​ក្នុង​ស្រុកកំពង់សៀម​ ព្រៃឈរ​ ជេីងព្រៃ​ និងស្រុកបាធាយ​ ប្រមាណជាង៣២ម៉ឺននាក់​ នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ក្នុង​ពេលឆាប់ៗ​ ដោយ​ពលរដ្ឋ​ក្នុង​ស្រុក​ចំនួន​៤នេះ​ប្រឈម​ខ្ពស់​ និង​មាន​រោងចក្រ​កាត់ដេរ​ផងដែរ​ ។ 

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ ក្នុងការ​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​នេះ​ ក្រុម​គ្រូពេទ្យ​រដ្ឋបាល​ខេត្ត​ ត្រូវចាក់​ជូន​ប្រជាពលរដ្ឋ​ប្រមាណជាង​១៧ម៉ឺននាក់​ លេី​២៣ទីតាំង​ ក្នុងស្រុកកំពង់សៀម​ និង​ស្រុកព្រៃឈរ​ ដែល​ត្រូវ​ប្រេីប្រាស់​រយៈពេល​១៤ថ្ងៃ​ សម្រាប់​ចាក់​លេីក​ទី​១​ និង​លេីក​ទី​២រយៈពេល​១៤ថ្ងៃ​ដូច​គ្នា​ ដោយឡែក​ក្រុម​ការងារ​ពេទ្យ​យោធា​ ត្រូវ​ចាក់​ជូន​ប្រជាពលរដ្ឋ​ប្រមាណជា១៥ម៉ឺននាក់​ ​ក្នុង​ស្រុក​ចំនួន​២​ គឺ​ស្រុក​ជេីងព្រៃ​ និងស្រុកបាធាយ​ ដែល​ត្រូវ​ប្រេីប្រាស់​ពេលវេលា​ដូចគ្នា​ផងដែរ​ ។ 

ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធ​ ត្រូវ​រៀបចំទីតាំង​ចាក់​វ៉ាក់សាំង​និមួយៗ​ ​ឲ្យ​មាន​កន្លែង​ផ្ញើ​ទុកដាក់​យានជំនិះ​ និង​មានបន្ទប់​អនាម័យ​ ព្រមទាំង​ត្រៀម​​រថយន្ត​សង្គ្រោះ​បន្ទាន់​សម្រាប់​អន្តរាគមន៍​ ។ ក្នុង​នោះ​រដ្ឋបាល​ស្រុក​និមួយៗ​​ ត្រូវ​ជំរុញ​ដល់​អាជ្ញាធរឃុំ​ ឲ្យ​ចងក្រង​បញ្ជីឈ្មោះ​ប្រជាពលរដ្ឋ​ដែលស្ម័គ្រចិត្ត​ទទួល​វ៉ាក់សាំង​ យ៉ាង​យូរ​មួយ​សប្តាហ៍​ ហើយ​ត្រូវបញ្ជូន​មក​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ខេត្ត​។ ពាក់ព័ន្ធនឹង​វិធាន​សុខាភិបាល​ជុំវិញ​បញ្ហា​ចាក់​វ៉ាក់សាំង​ ត្រូវ​រៀបចំ​ដាក់​បដា​មាន​អក្សរ​សរសេរ​​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់​ ចំពោះ​ពេលវេលា​ និង​ទីតាំង​ដែល​ត្រូវ​ចាក់​វ៉ាក់សាំងនោះ​ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ផងដែរ​ ៕