ភូមិចំនួនបួន នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានកំណត់ជាតំបន់ក្រហម និងប្រកាសអំពីការបិទទីតាំងមួយចំនួនដែលជាប់ពាក់ព័ន្ធជាមួយមេរោគកូវីដ១៩

សៀមរាប៖ ភូមិចំនួនបួន មានភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្ត សម្រេចកំណត់តំបន់ក្រហម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ។

នេះជាការកំណត់តំបន់ហានីភ័យបន្ថែមទៀត បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានកំណត់តំបន់ហានីភ័យមួយចំនួននៅស្រុកសូទ្រនិគម និងស្រុកជីក្រែងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថាការសម្រេចកំណត់តំបន់ក្រហមនេះ ក្រោយការរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទៅលើសពឈ្មោះ ឃន់ ឃាន ភេទប្រុស អាយុ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ និងដោយករណីនេះ មានការទំនាក់ទំនងស្មុគស្មាញជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ។

ប្រភពដដែលបានឲ្យដឹងថា ឈ្មោះ ឃាន សុឃួច ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាកូនរបស់ ឈ្មោះ ឃន់ ឃាន ដែលបម្រើការងារជាបុគ្គលិកបើកបររថយន្តនៅធនាគារអេស៊ីលីដាសាខាសូទ្រនិគម និងភរិយា ត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្រុមការងារបានចុះស្រាវជ្រាវ និងរកឃើញថា ករណីការចម្លងជំងឺកូវីដ-១៩នេះ ទៅក្រុមគ្រួសារ គឺមានប្រភពពីកូនប្រុស ឈ្មោះ ឃាន សុឃួច។ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ រដ្ឋបាលខេត្តសូមជម្រាបជូនអំពីទីតាំងមួយចំនួន ដែលឈ្មោះ ឃាន សុឃួច បានទំនាក់ទំនងរួមមាន៖ ថ្ងៃទី៣១-ឧសភា-២០២១ បាននាំគ្នាទៅហូបបាយជាមួយមិត្តភ័ក្រ្តចំនួន០៦នាក់ នៅហាងពិភពធម្មជាតិ ថ្ងៃទី០២-មិថុនា-២០២១ ពេលព្រឹកបានបើករថយន្តជូនឈ្មោះ យួម ស៊ីណាត និងឈ្មោះ រ៉ុង ធីរ៉ាត់(វិជ្ជមានជំងឺកូវីដ-១៩) ទៅធនាគារជាតិនៃកម្ពុជាសាខាខេត្តសៀមរាប នៅជិតផ្សារចាស់។ ថ្ងៃទី០៣-មិថុនា-២០២១ ពេលព្រឹកធ្វើការនៅធនាគារ ហើយពេលល្ងាចត្រឡប់មកផ្ទះ នៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ដើម្បីមកមើលឪពុកឈឺ ហើយក៏បានស្នាក់នៅជុំគ្នាជាមួយក្រុមគ្រួសារ។ ថ្ងៃទី០៥-មិថុនា-២០២១ ពេលព្រឹកបានមកហូបលតឆា នៅខាងក្រោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត រយៈពេល១០នាទី រួចបានចេញទៅតារាងបាល់ទះឈ្មោះ ឆាន់ នី នៅភូមិគោកដូង សង្កាត់ទឹកវិល លេងបាល់រយៈពេល០២ម៉ោង ជាមួយដៃគូលេងបាល់ចំនួន០៧នាក់ផ្សេងទៀតបន្ទាប់មកក៏បានត្រឡប់ទៅផ្ទះវិញ។ ថ្ងៃទី០៧-មិថុនា-២០២១ ពេលល្ងាចបានរៀបចំសូត្រមន្តឲ្យឪពុកនៅផ្ទះ ដោយមានអ្នកចូលរួមប្រហែលជាង១០នាក់ ប៉ុន្តែឈ្មោះ ឃាន សុឃួច និងឈ្មោះ អឿម សុផាន់ណា មិនបានចូលរួមទេ ដោយសារមានអាការៈមិនស្រួលខ្លួន។ ថ្ងៃទី០៩-មិថុនា-២០២១ ពេលព្រឹក បានទៅទិញថ្នាំ នៅឱសថស្ថានសុវណ្ណវីរៈសិទ្ធ (មិនបានចូលក្នុង)ហើយត្រឡប់ទៅផ្ទះវិញ។ បន្ទាប់មកបានជិះម៉ូតូមកយកសំណាកជាមួយប្រពន្ធ ដើម្បីធ្វើតេស្តស្រាវជ្រាវរកមេរោគកូវីដ-១៩ និងទទួលបានលទ្ធផលវិជ្ជមានទាំង០២នាក់៕