រថយន្ត៣គ្រឿងព្រលះគ្នាពេលភ្លៀងកំពុងធ្លាក់ បណ្តាលឲ្យមនុស្ស៨នាក់រងរបួសធ្ងន់ ស្រាល

(ខេត្តកំពត)៖ យ៉ាងហោចណាស់ក៏មានមនុស្ស៥នាក់រងរបួសធ្ងន់ និង៣នាក់ទៀតរងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចររវាងរថយន្ត៣គ្រឿងពេលមេឃកំពុងភ្លៀង ដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៦និង៣៩នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ចន្លោះបង្គោលគីឡូម៉ែត្រ១៣៨-១៣៩ រវាងរថយន្តនិងរថយន្ត ចំនួន៣គ្រឿងបុកតគ្នា មានទិសដៅផ្ទុយគ្នា។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្ត៣គ្រឿងប៉ះទង្គិចគ្នា៖ ទី១-បង្កឡើងដោយរថយន្តម៉ាកLX-570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-3456 ធ្វើដំណើរពីលិចទៅកើតបើកបរដោយឈ្មោះលឹម ស៊ីឌឿន ភេទប្រុស អាយុ ៤២ ឆ្នាំនៅភូមិហនុមានឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បើកជែងចូលទៅផ្លូវចំណែកផ្លូវម្ខាងទៀត ទើបជ្រុលទៅប៉ះទង្គិចជាមួយរថយន្ត១គ្រឿងទៀត ដែលបើកបរមកពីកើតទៅលិច(ផ្ទុយគ្នា) ធ្វើឲ្យរថយន្តLX-570ខូចខាតកម្រិតធ្ងន់ហើយអ្នកបើកបររងរបួសស្រាល ចំណែកអ្នករួមដំណើរជាមួយ៣នាក់ ជាជនជាតិចិន២នាក់ រងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ ។

២.រថយន្តម៉ាកដេវូពណ៌ស ខៀវពាក់ស្លាកលេខកណ្ដាល 2A-2578 កន្ទុយរម៉កពាក់ស្លាកលេខកំពង់ស្ពឺ4A-0425 បើកបរដោយឈ្មោះជុំ គង់ ភេទប្រុសអាយុ ៣៤ ឆ្នាំនៅភូមិខ្សុំឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្ដាលរងរបួសបាក់ដៃឆ្វេងបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត មានទិសដៅពីលិចទៅកើត។

៣.រថយន្តម៉ាកFUSOពណ៌សពាក់ស្លាកលេខព្រះសីហនុ 3A-1314 បើកបរដោយឈ្មោះមាង សារ័ត្ថ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត របួសធ្ងន់។ អ្នករួមដំណើរ២នាក់ ឈ្មោះមាង សារ៉ូ ភេទប្រុស អាយុ២៥ ឆ្នាំរស់នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកឈូក ខេត្តកំពត រងរបួសធ្ងន់ និងម្នាក់ទៀតមិនបានស្គាល់ឈ្មោះ អ្នកទាំង៣បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

បច្ចុប្បន្នវត្ថុតាងរថយន្តទាំង៣គ្រឿង ឍសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មី បណ្តោះអាសន្ន៕ សេង ណារិទ្ធ