លួចគេយ៉ាងសកម្មពេញភូមិរាប់ភ្លេច ទីបំផុតមកជាប់ខ្នោះរបស់លោកអធិការទើបឡើងថ្មី

0

ខេត្តបាត់ដំបង: ចោរហារយម្នាក់ ដែលល្បីខាងលួចយ៉ាងសកម្ម និងលួចមិនរើសមុខ ត្រូវបានកម្លាំងអធិការក្រុងបាត់ដំបង តាមប្រមាញ់រហូតឈានដល់ការឃាត់ខ្លួននៅក្នុងបទល្មើសជាក់ស្តែង តែក្នុងរយ:ពេលប៉ុន្មានម៉ោងតែប៉ុណ្ណោះ ក្រោយពីទទួលបានពាក្យបណ្តឹង។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន  អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៧ និង ១០នាទី ព្រឹកផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការក្រុង បានទទួលពាក្យបណ្តឹងពីឈ្មោះ ខាន់ វិត្ថា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិពោធិ ឃុំពោធិទ្រាយ ស្រុកពួក ខេត្តសៀមរាប ដែលបានមកធ្វើការស្នាក់នៅបណ្តោះអាសន្នភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ថាមានករណីអំពើលួចមានស្ថានទម្ងន់ទោស(កាត់របងលួស) នៅនឹងផ្ទះរបស់លោក។

 

លោកអធិការបានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកំលាំងបានធ្វើការស៊េីបអង្កេត​ស្រាវជ្រាវ

លុះដល់ វេលាម៉ោង ២ រសៀល ថ្ងៃដដែល ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត និងដោយមានការឯកភាពពីលោកព្រះរាជអាជ្ញា កែវ សុជាតិ ផងនោះ កំលាំងបានសហការជាមួយកំលាំងប៉ុស្ដិ៍រដ្ឋបាលអូរម៉ាល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះអុិន សំអាង ហៅប៉ាវ ភេទប្រុស  អាយុ ២៨ឆ្នាំ​ មានទីលំនៅស្ថិតនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិតប្រាកដមែន  តែពេលកំពុងធ្វើសកម្មភាពលើដែកគ្រឿងឡានដែលគេទុកចោលដាក់លើរទេះស្រាប់តែមានមនុស្សដើរមកខ្លួនក៏បើករបងដើរចេញមកក្រៅរួចដើរសំដៅទៅផ្ទះ តែក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង។

 

សំភារ:បន្សល់ទុករួមមាន ដង្កាប់សំរាប់កាត់លួសចំនួន០១ រទេះចំនួន០១ ដោយបច្ចុប្បន្នជនសង្ស័យ​ ផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់ហើយ ៕ សោ និយមរ័ត្ន