កូនគ្រញូង៤០០ដើម ត្រូវបាន ដាំនៅសាលារៀន និងតាមទំនប់ក្នុងឃុំព្រែកក្របៅ

កំពង់ចាម : កូនឈើគ្រញូងប្រមាណ ៤០០ដើម ត្រូវបានយកទៅដាំនៅក្នុងបិរវេណសាលាបឋមសិក្សាអណ្តូងតាអុង និងលើទំនប់បង្ហៀរក្តាក់ នៅក្នុងឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីចូលរួមលើកកម្ពស់បរិស្ថាននៅក្នុងឃុំ។

ពិធីដាំកូនឈើគ្រញូងនៅក្នុងឃុំព្រែកក្របៅ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក សែម គឹមសាន ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោកអភិបាលនៃគណៈអភិបាលស្រុកកងមាស, ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត, រដ្ឋបាលឃុំព្រែក្របៅ, ថ្នាក់ដឹកនាំភូមិ, លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាទាំង៦ និង លោកគ្រូ អ្នកគ្រូអនុវិទ្យាល័យហ៊ុនសែនព្រែកក្របៅផងដែរ។

គួរ បញ្ជាក់ ថា ពិធីដាំកូនឈើគ្រញូងនេះត្រូវបានធ្វើឡើងក្រោមបរិយកាសសប្បាយរីករាយ ដោយអ្នកចូលរួមដាំកូនឈើបង្ហាញក្តីរំពឹងថា កូនឈើគ្រញូងដែលបានដាំនៅថ្ងៃនេះ នឹងក្លាយទៅជាមរតកដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយក្នុងឃុំព្រែកក្របៅ ជាពិសេសចូលរួមលើកកម្ពស់បរិស្ថានឱ្យបានល្អប្រសើរនឹងលើកកម្ពស់សោភ័ណភាពសាលារៀន និងតាមទីសាធារណះផងដែរ ៕