មន្ត្រីនៅមន្ទីរការងារម្នាក់បានបាត់ខ្លួន ខណៈកំពុងជិះរកត្រីវេលាទៀបភ្លឺម្សិលម៉ិញ នៅស្រុកសៀមបូក

ខេត្តស្ទឹងត្រែង៖មន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងម្នាក់ បានបាត់ខ្លួនក្នុងទឹកទន្លេមេគង្គ នាវេលាទៀបភ្លឺ ក្នុងថ្ងៃទី១២ ខែមិថុនានេះ  ស្ថិតនៅភូមិកោះសំពាយ ឃុំកោះសំពាយ ស្រុកសៀមបូក ។ រហូតហើយមកទល់នឹងព្រឹកថ្ងៃទី១៣មិថុនានេះក្រុមគ្រួសារនៅរកមិនទាន់ឃើញនៅឡើយ។តាមប្រភពពីគ្រួសារជនរងគ្រោះ បានឲ្យដឹងថាៈជនរងគ្រោះ មានឈ្មោះ ចម ពិសាល (ហៅកុក)អាយុ២៩ឆ្នាំ បំពេញភារកិច្ចនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ។ ហើយកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១២ ជនរងគ្រោះបានជិះទូកទៅរកត្រី រហូតមកដល់ព្រឹកថ្ងៃទី១៣មិថុនានេះ នៅមិនទាន់ឃើញត្រឡប់មកផ្ទះវិញ នៅឡើយទេ ទើបក្រុមគ្រួសារមានការភ្ញាក់ផ្អើល រហូតវេលាថ្ងៃត្រង់ ក្រុមគ្រួសារក៏បានចេញទៅតាមរក ស្រាប់តែប្រទះឃើញទូកក្រឡាប់អណ្តែតទឹក ចម្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រ ដោយមិនឃើញមនុស្ស គ្រានោះគេសង្ស័យជនរងគ្រោះអាចធ្លាក់ទឹកទន្លេហើយត្រូវទឹកគួចទៅក្រោមលង់ស្លាប់ ។បើតាមការឲ្យដឹងពីលោក ថោង ស្រាន់ អភិបាលស្រុកសៀមបូកៈរដ្ឋបាលស្រុកបានចាត់កម្លាំងតាមរក ក៏នៅមិនទាន់ឃើញនៅឡើយដែរ ។ រដ្ឋបាលស្រុក ក៏បានជូនដំណឹង ដល់ប្រជាពលរដ្ឋក្នុងស្រុកផងដែរ បេីសិនជាបងប្អូនណាបានឃេីញសូមទំនាក់ទំនងមកតាមរយៈលេខទូរស័ព្ទៈ០៧១២៤៩០០១១ ជាពិសេសបងប្អូននៅភូមិដំរីផុង ស្រែក្រសាំងត្បូងខ្លា អូរម្រះ កោះជ្រឹម កោះព្រះ អូរឡង់ ដែលជាភូមិស្ថិតនៅតាមដងទន្លេ សូមជួយរកសាកសព នៅក្នុងទន្លេមេគង្គ ក្នុងភូមិសាស្រ្ត ស្រុកសៀមបូក និងស្រុកសំបូរខេត្តក្រចេះផង ៕