រថយន្ដពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តពីរគ្រឿងបានរងការខូចខាតយ៉ាងដំណំខណៈដែលបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគ្នាពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០នឹង៥០យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកនីសាន់ ម៉ាចពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2G 2514ធ្វើដំណើរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក toyota prius ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BD 9007បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តនីសាន់ម៉ាចពេញទំហឹងបណ្ដាលឲ្យរថយន្ដវិលបីជុំ ចំណែកឯរថយន្តព្រូសមិនទាន់អស់ល្បឿនបន្តទៅមុខប្រហែល 50 ម៉ែត្រទើបទៅមុខលែងរួច តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេចំណែករថយន្តរងការខូចខាតយ៉ាងដំណំទាំងសងខាង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តទាំងពីរទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។