អាជ្ញាធរ ជំនាញ និងក្រុមគ្រូពេទ្យមកធ្វើតេស្តយកសំណាកកម្មកររោងចក្រពូចិន ខណៈរកឃើញកម្មករ២១នាក់ មានវិជ្ជមានកូវីដ-១៩ កាលពីម្សិលមិញ

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរស្រុកកំពង់ត្រាច និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងក្រុមគ្រូពេទ្យ បានចុះធ្វើតេស្ត យកសំណាកកម្មកររោងចក្រពូចិន នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីពិនិត្យធ្វើតេស្តយកសំណាក ក្នុងចំណោមកម្មករចំនួន៤៤នាក់ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ កាលពីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ។

ចំពោះការចុះពិនិត្យធ្វើតេស្តយកសំណាក់ដល់កម្មករនាព្រឹកនេះ ក៏មានវត្តមានលោក អូន ខន អភិបាលស្រុកកំពង់ត្រាច និង លោក អឹុង ប៉ូហេង ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តកំពត ព្រមទាំងសមត្ថកិច្ចក្នុងតំបន់ផងដែរ។

ទាក់ទិននឹងការធ្វើតេស្តកាលពីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ លោកអូន ខន អភិបាលស្រុកកំពង់ត្រាច បានបញ្ជាក់ដែរថា ចំពោះតួលេខកម្មករវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ គ្រាន់ជាតួលេខបឋម មិនទាន់ជាផ្លូវការនៅឡើយទេ៕ សេង ណារិទ្ធ