ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ចុះពិនិត្យទំនប់ទប់ទឹក និងការងារដាំដុះ របស់កងទ័ពតាមខ្សែត្រៀមជួរមុខព្រំដែនកម្ពុជា.ថៃ!

ព្រះវិហារ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ អមដំណើរដោយក្រុមការងារ ចុះពិនិត្យមើលទំនប់ទប់ទឹក និងការដាំដុះដំណាំផ្សេងៗ របស់បងប្អូនកងទ័ពដែលកំពុងឈរជើង នៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ នៃទិសទី១ប្រាសាទព្រះវិហារ។

លោកមេបញ្ជាការ ថ្លែងថា ក្រៅពីភារកិច្ចស្នូល នៅក្នុងកាតព្វកិច្ចការពារជាតិមាតុភូមិ និងរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋហើយនោះ។ បងប្អូនកងទ័ព ក៏បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះការបង្កបង្កើនផលដាំដុះបន្លែចម្រុះ ចិញ្ចឹមសត្វ ជាលក្ខណៈអង្គភាព និងនៅតាមផ្ទះបងប្អូនគ្រួសារកងទ័ព។

បន្ថែមពីនោះ អង្គភាពបានដាក់ចេញទិសដៅប្រឡងប្រណាំង ទៅលើការកសាងជួសជុល សំណង់អគារ ផ្ទះស្នាក់នៅបន្ថែម លើការងារអភិវឌ្ឍន៍អង្គភាព និងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារទ័ព។

ក្រោមការយកចិត្តទុក្ខដាក់ និងការណែនាំ របស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម មេបញ្ជាការកងពលធំលេខ៣ និងបទបញ្ជាផ្ទៃក្នុងអង្គភាពធ្វើឲ្យអង្គភាពចំណុះទាំង៥ បាននិងកំពុងខិតខំយកចិត្តទុកដាក់ខ្ពស់លើកការងារកសាងជំរុំជម្រកស្នាក់នៅ របស់បងប្អូនកងទ័ព គ្រួសារទ័ព ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការបង្កបង្កើនផលដាំដុះបន្លែចម្រុះ និងចិញ្ចឹមសត្វ ទៅតាមផែនការ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមិថុនានេះដែរ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានអញ្ជើញចូលរួមអបអរសាទរចំពោះ ការវិលត្រលប់ទៅកាន់លំនៅដ្ឋានរបស់បងប្អូនពលរដ្ឋដែលពាក់ព័ន្ធនិងអ្នកផ្ទុកជំងឺកូវីត-១៩ ដែលអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ទទួលយកដើម្បីធ្វើចត្តាឡីស័កអស់រយៈពេល១៤ថ្ងៃ ពីមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត ថ្ងៃនេះត្រូវបានក្រុមការងារសុខាភិបាល នៃមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត និងក្រុមការងារសុខាភិបាលកងពល អនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញហើយ ដោយសារពួកគាត់ទាំង១៧នាក់នេះ មិនមានរោគសញ្ញាវីរុស covid-19ឡើយ។

ជាមួយនិងការវិលត្រឡប់ទៅកាន់លំនៅដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានបន្តធ្វើការអំពាវនាវដល់កងទ័ព ក៏ដូចជាសាធារណជនទាំងអស់ សូមកុំភ្លេចនូវវិធានការ ៣ការពារ ៣កុំ៖
*ត្រូវអនុវត្ត វិធានការ ៣ការពារជាប់ជាប្រចាំ
១៖ ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុលដែលឱ្យបានលើសពី២០ដង ក្នុងមួយថ្ងៃ។
២៖ ត្រូវពាក់ម៉ាស់ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ប្រើកែងដៃ ឬប្រើក្រដាសជូត មាត់ ហើយត្រូវបោះចោលក្នុងធុងសំរាមបិទជិតត្រឹមត្រូវ។
៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១.៥ ម៉ែត្រឡើង ទៅពីម្នាក់ទៅម្នាក់។
*ត្រូវអនុវត្តវិធានការ ៣កុំ៖
១៖ កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធីដែលមានមនុស្សច្រើនពេក។
២៖ កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។
៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា៕សួនលីណា