ជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សប្រជាជនកម្ពុជាស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ឯកឧត្តម គោ សុំ សារឿត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ នាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនជាសមាជិកសមាជិកា ក្រុមប្រឹក្សាឃុំ ភូមិ ក្នុងស្រុកមង្គលបូរីក្នុងគោលបំណង កិច្ចពិភាក្សាស្ដីពីផែនការឈានឆ្ពោះទៅរកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ឆ្នាំ ២០២២ ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត “គជប” បានកំណត់យកថ្ងៃអាទិត្យទី ៥ខែមិថុនាឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោត។
លោក លី សារី ប្រធានក្រុមការងារខេត្តចុះជួយស្រុកមង្គលបូរី លើកឡើងថា ដើម្បីទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ នាពេលខាងមុខនេះ គឺតម្រូវឲ្យអស់លោក លោកស្រីជាបេក្ខជន តំណាងគណបក្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសមត្ថភាព ប្រជាប្រិយភាព មានឥទ្ធិពលនិងមានជំនឿជឿជាក់ លើការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
ឯកឧត្តម គោ សុំ សារឿត មានប្រសាសន៍ថា ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់ លើកការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នោះគឺអស់លោកលោកស្រី ដែកជាអ្នកបម្រើប្រជាពលរដ្ឋ ខិតខំបន្ត ថែរក្សាសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គមឲ្យបានកាន់តែរឹងមាំ ទាំងនៅផ្ទៃក្នុង ទាំងនៅតាមតំបន់មូលដ្ឋាន សំដៅការពារការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ ប្រើប្រាស់ កម្លាំងសរុប វិធានការសរុបមធ្យោបាយសរុប រួមគ្នាទប់ស្កាត់ ឱ្យខាងតែបាននៃការរីករាលដាលជម្ងឺឆ្លងកូវីត១៩ ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល។ បន្តជំរុញ ការផ្ដល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពទាំងសេវា តម្រូវការនិងសេវាសំណូមពរ ពិសេសបន្តការផ្សព្វផ្សាយ ការថែទាំអនាម័យនិងសុខភាពជូនសហគមន៍ ជុំវិញការទប់ស្កាត់ជំងឺកូវីដ១៩៕ដោយ៖ឃិន គន្ធា