ប្រពលរដ្ឋជាង១០០គ្រួសារ នៅឃុំកោះតូច និងឃុំបឹងទូក ផ្ទុះការតវ៉ា ខណៈក្រុមហ៊ុនសុខាអូតែលបូកគោ ឈូសឆាយរំលោភយកដីរបស់ពួកគាត់

(ខេត្តកំពត)៖ ពលរដ្ឋប្រមាណជាង១០០គ្រួសារ ដែលរស់នៅក្នុងភូមិសាស្ត្រឃុំចំនួន២ គឺឃុំកោះតូច និងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត បាននាំគ្នាតវ៉ា ខណៈក្រុមហ៊ុនសុខាអូតែលបូកគោ យកគ្រឿងចក្រមកឈូសឆាយបំផ្លាញផលដំណាំរបស់ពួកគាត់ ដើម្នីរំលោភយកដី ស្ថិតនៅតាមជើងភ្នំ នៃភូមិសាស្ត្រឃុំទាំងពីរខាងលើ។

ការផ្ទុះការតវ៉ានេះបានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវឡើងរមណីយដ្ឋាន ឋានសួគ៌បូកគោ ក្នុងភូមិបឹងទូក ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

ជុំវិញការតវ៉ានេះ ប្រជាពលរដ្ឋខាងលើបានអះអាងថា ទីតាំងដីដែលក្រុមហ៊ុនសុខាអូតែលកំពុងឈូសឆាយបំផ្លាញដំណាំពួកគាត់នេះ ដើម្បីដាំដំណាំថ្មីជំនួសវិញ ហើយកន្លងមកពួកគាត់បានកាន់កាប់អាស្រ័យផលលើដីនេះជាច្រើនឆ្នាំមកហើយ ដោយពួកគាត់ក៏បានដាំដំណាំជាប្រភេទរុក្ខជាតិហូបផ្លែជាច្រើនមុខ ប៉ុន្តែខណៈនេះត្រូវបានក្រុមហ៊ុនសុខាអូតែល បញ្ជាឲ្យគ្រឿងចក្រឈូសឆាយផលដំណាំគ្រប់ប្រភេទអស់គ្មានសល់ រួចហើយដាំរុក្ខជាតិផ្សេងៗជំនួសវិញ។

ប្រភពពីពលដ្ឋដដែលបានបញ្ជាក់ទៀតថា ចំពោះការរំលោភបំពានដីធ្លីបែបនេះ បានធ្វើឲ្យពលរដ្ឋរាប់រយគ្រួសារត្រូវបាត់បង់ដីដែលធ្លាប់អាស្រ័យផល ប្រកបការងារកសិកម្ម ព្រោះកន្លងមកពួកគាត់ម្នាក់ៗមានដីត្រឹមតែជាង១ហិកតាប៉ុណ្ណោះ ដើម្បីដាំដំណាំរួមផ្សំអាស្រ័យផលសម្រាប់ចិញ្ចឹមគ្រួសារ ប៉ុន្តែពេលនេះបែរជាត្រូវរងនូវការកៀបសង្កត់ពីសំណាក់ក្រុមហ៊ុនសុខាអូតែលទៅវិញ។

ទោះជាបែបណានៅព្រឹកថ្ងៃដដែល អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីខាងក្រុមហ៊ុន និងជំនាញពាក់ព័ន្ធនៅឡើយទេ។ តែជុំវិញរឿងរ៉ាងនេះ ប្រជាពលរដ្ឋជាង១០០គ្រួសារខាងលើ បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេស ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត មេត្តាជួយរកដំណោះស្រាយជូនពួកគាត់ផង។

សូមបញ្ជាក់ថា ទីតាំងដីទំនាស់ គឺស្ថិតក្នុងឃុំចំនួន២ គឺឃុំកោះតូច និងឃុំបឹងទូក​ ស្រុកទឹកឈូ ខេត្តកំពត ដោយតំបន់ខ្លះគ្រប់គ្រងដោយក្រុមហ៊ុនសុខាអូតែ និងភូមិសាស្ត្រខ្លះទៀតជាតំបន់គ្រប់គ្រងដោយជំនាញបរិស្ថាន ប៉ុន្តែប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផលជាច្រើនឆ្នាំមកហើយ ដោយកន្លងមក ពលរដ្ឋដែលកាន់កាប់ដីខាងលើក៏ធ្លាប់នាំគ្នាមកជួបជុំនៅមុខសាលាខេត្តកំពត ដើម្បីសុំអន្តរាគមន៍ពីប្រមុខដឹកនាំខេត្តផងដែរ៕ សេង ណារិទ្ធ