អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យលក្ខណៈបច្ចេកទេស​ នៃការសាងសង់ច្រាំងទន្លេ​ នៅតំបន់កោះតូច​ ស្រុកស្រីសន្ធរ​ និង​ស្រុកកងមាស​

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃការសាងសង់ច្រាំងទន្លេ​នៅតំបន់កោះតូច​ ប្រវែង២.០០០ ម៉ែត្រ ស្ថិត​ក្នុង​ឃុំឬស្សីស្រុក និងឃុំកោះអណ្តែត នៃស្រុកស្រីសន្ធរ និងឃុំសូរគង ស្រុកកងមាស​ ដេីម្បី​ត្រៀមលក្ខណ:ការពារច្រាំងទន្លេ​កុំ​ឲ្យ​បាក់​ ខណ:រដូវវ​ទឹក​ឡើង​ជិតចូលមកដល់នោះ​ ។

ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ការ​សាងសង់​ច្រាំងទន្លេ​នេះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានស្នើឲ្យក្រុមហ៊ុនទទួលការ​ ត្រូវ​ពន្លឿនការងារ​សាងសង់​ ព្រោះរដូវ​ទឹក​ឡើង​ជិតឈាន​ចូលមកដល់នាពេលខាងមុខនេះហេីយ​។  ជាមួយគ្នានោះក្រុមហ៊ុនត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ក្នុងការបូមដីកោះដុះថ្មី និងដីខ្សាច់ តម្រង់ចរន្តទឹកហូរ នៅតំបន់កោះតូច ចន្លោះរវាងស្រុកស្រីសន្ធរ និងស្រុកកងមាស ដើម្បីបញ្ជៀសការបាក់ស្រុតច្រាំងទន្លេ។​​

បេីតាមការបញ្ជាក់ពីអ្នកបច្ចេកទេស របស់ក្រុមហ៊ុន រីវើសាយឌីវេឡុបម៉ិន ឯ.ក បាន​ឲ្យដឹងថា​ ចំពោះគម្រោង​ការ​សាងសង់​ច្រាំងទន្លេ​នេះ​ ក្រុម​ការងារ​បច្ចេកទេស បានរៀបចំបាវខ្សាច់(Geo-textile) ដើម្បីទប់ច្រាំងទន្លេ ប្រវែង២០០០ ម៉ែត្រ ដោយបានបូមខ្សាច់ធ្វើបាតចាប់ពីដើមខែមេសា​ ក្នុងជំហានទី១ ឲ្យបានកំពស់ ០៤ម៉ែត្រ និងចាប់រៀបចំបាវខ្សាច់ ហើយបន្តក្នុងជំហានទី២ ឲ្យបាន៨,៥ ម៉ែត្រ ស្មើនឹង៥០% នៃកំពស់ច្រាំងទន្លេ រួចត្រូវបន្តធ្វើជំហានទី៣ ទៀត រហូតដល់កំពស់ ១២ ម៉ែត្រ បញ្ចប់គម្រោង ដែលស្មើនឹង៧៥% នៃកំពស់ច្រាំងទន្លេ។ ក្នុងនោះ​ក្រុមហ៊ុន បានប្រើប្រាស់ទន្និន័យមូលដ្ឋានអំពីកំពស់ទឹកទន្លេ ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងទិន្នន័យ ផែនទីបាតទន្លេ ពីវេបសាយ របស់គណៈកម្មាធិការទន្លេមេគង្គ​ផងដែរ​ ៕