សមាជិកព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អោម ហាក់ ក្រុងប៉ោយប៉ែត

0

ដោយឃិន គន្ធា
បន្ទាយមានជ័យ:ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំខេត្ត និងមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធជុំវិញខេត្តបន្ទាយមានជ័យ នាព្រឹកទី ១៦ ខែមិថុនា ឆ្នាំ២០២១បានអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម អោម ហាក់ សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង៩ និង១១នាទីព្រឹក ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។
សពរបស់ឯកឧត្តមត្រូវបានតម្កល់ធ្វើបុណ្យនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ក្នុងឱកាសដ៏សែនអាឡោះអាល័យនោះ   ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំខេត្ត និងមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធជុំវិញខេត្តបន្ទាយមានជ័យ បានសម្តែងនូវការចូលរួមមរណ:ទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ សពឯកឧត្តម អោម ហាក់ គឺជាបាត់បង់នូវស្វាមី ឪពុក  ជីតា  ដ៏មានព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅចំពោះកូនចៅ  និងជាការបាត់បង់នូវសមាជិកក្រុមប្រឹក្សាខេត្តដ៏ ល្អ ជាទីគោរព និងស្រលាញ់ របស់មន្ត្រីរាជការយើងផងដែរ។កន្លងមកឯកឧត្តមបានលះបង់កម្លាំងកាយចិត្តដោយមិនខ្លាចនឿយហត់  ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម លោកជំទាវ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ  កែវទាំងបី  បារមីនៃវត្ថុស័ក្តិសិទ្ធិក្នុងលោក  ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម អោម ហាក់  បានទៅកាន់ឋានបរមសុខ នៅក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។
សូមបញ្ជាក់ ៖ សពឯកឧត្តម អោម ហាក់ សពរបស់ឯកឧត្តមត្រូវបានតម្កល់ធ្វើបុណ្យនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត  និងត្រូវបានដង្ហែសពទៅកាន់ភូមិតានី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត់ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១៕