រថយន្តបែនដឹកដីខ្សាច់ខូចរលត់យកគ្រឿងចក្រមករុញជ្រុលចង្កូតទៅបុកទម្លុះរបងវិទ្យាល័យ បណ្តាលឱ្យការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តបែនដឹកដីខ្សាច់ធុនធំមួយគ្រឿង បានគាំងម៉ាស៊ីនខូចរលត់កណ្ដាលផ្លូវ ហើយបានយកគ្រឿងចក្រមករុញ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងបើកមកក្បែររួចរុញទាញចង្កូតគេចជ្រុលទៅបុកទម្លុះរបងវិទ្យាល័យចាក់អង្រែ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវាលាម៉ោង១២ និង១០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិទួលរកា ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមកាបញ្ជាក់ពីលោកនាយកសាលា បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបែនដឹកដីខ្សាច់មួយគ្រឿង ពណ៌បៃតង់ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3694 បានគាំងម៉ាស៊ីនខូចរលត់នៅកណ្ដាលផ្លូវ បន្ទាប់មកបានហៅគ្រឿងចក្រមករុញទៅជួសជុលពេលគ្រឿងចក្រកំពុងរុញ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតបានបើកមកក្បែរ ខណៈពេលនោះ រថយន្តក៏បានទាញចង្កូតគេចពីម៉ូតូជ្រុលទៅបុករបងសាលាវិទ្យាល័យចាក់អង្រែ បណ្ដាលឱ្យធ្លុះបាក់មួយផ្ទាំង និងខូចខាតសម្ភារៈលក់ដូរនៅក្នុងសាលាមួយចំនួនទៀត រីឯរថយន្តវិញរងការខូចខាតកាងខាងមុខ និងបែកកញ្ចក់។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ព្រមទាំងនាយកសាលាបានមកដល់ទីតាំងខាងលើ រួចបានធ្វើការដោះស្រាយគ្នា ដោយភាគីរថយន្តបែនដឹកដីខ្សាច់ជាអ្នកបង្ក ព្រមទទួលខុសត្រូវទាំងអស់ និងសងសំណង់ក្នុងការជួសជុលរបងសាលាឱ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕ ដោយ/ ឆៃហួត