សប្បុរជន និងប្រធានមន្ទីរស្ថាប័ននានាខេត្ត បានឧបត្ថម្ភថវិកាប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នារសៀល ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២១នេះ បានអញ្ជើញទទួលអំណោយសប្បុរជននិងអំណោយឧបត្ថម្ភ ពីសំណាក់ប្រធានមន្ទីរស្ថាប័ននានាក្នុងខេត្តព្រះសីហនុ ជាថវិកា ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ក្នុងព្រឹត្តិ ការណ៍(សហគមន៍ ២០កុម្ភៈ)ដែលកំពុងរីករាលដាលនៅក្នុងខេត្តព្រះសីហនុ  ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ផងដែរ ។

អំណោយថវិកាដែលសប្បុរសជន បាននាំយកមក ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រូមមាន ៖១.អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង ដែលបានបរិច្ចាគថវិកាចំនួន ២០.០០០ ដុល្លារអាមេរិក (ម្ភៃពាន់ដុល្លារអាមេរិក)។

២.លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រះសីហនុ និងមន្រ្តីរាជការ  ដែលបានបរិច្ចាគថវិកាចំនួន ៤.០០០.០០០ រៀល (បួនលានរៀល)។

៣.លោក នេន ចំរើន ប្រធានមន្ទីរ កសិកម្ម ខេត្តព្រះសីហនុ និងមន្រ្តីរាជការ  បានបរិច្ចាគថវិកា ចំនួន ៤.០០០.០០០ រៀល (បួនលានរៀល)។

៤.ថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃមន្ទីរ ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ ខេត្តព្រះសីហនុ បានបរិច្ចាគ ថវិកាចំនួន ៥.០០០.០០០ រៀល (ប្រាំលានរៀល)។

ក្នុងឱកាសនោះផងដែរឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះសីហនុ បានមានប្រសាសន៍ថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោក ស្រី សប្បុរសជន ទាំងអស់ ដែលបានបរិច្ចាគថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែល កំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីសម្រាប់ប្រើប្រាស់និងចែកបន្តជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនិងជួបការលំបាក ហើយអ្នកដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍(សហគមន៍២០កុម្ភៈ)ព្រមទាំងប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ។ 

ជាមួយគ្នានោះឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានសូមឱ្យសប្បុរសធម៌ទាំងអស់ចូលរួមស្ដាប់ការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសប្រសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ(៣ កុំ)(៣ ការពារ) ហើយជាចុងក្រោយឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សប្បុរសជនទាំងអស់ ជួបនូវពរជ័យ បវរសួស្តីមហាប្រសើរ ព្រមទាំងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕នាគ់សមុទ្រ