ស្ទះចរាចរជាង៣ម៉ោង ដោយសារផ្លាកប៉ាណូមួយផ្ទាំងបាក់ធ្លាក់ចំកណ្តាលផ្លូវ ខណៈមានខ្យល់បក់បោកខ្លាំង

0

សេង ណារិទ្ធ
ខេត្តកំពត៖ គ្រោះធម្មជាតិភ្លៀងមួយមេយ៉ាងធំលាយឡំនិងខ្យល់កន្ទ្រាក់ផង បានបក់បោកយ៉ាងខ្លាំងបណ្តាលឲ្យបាក់រលំផ្លាកប៉ាណូរបស់ក្រុមហ៊ុនមួយ ដែលដាក់តាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣៣ កំពត-កែប ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូខេត្តកំពត បណ្តាលឲ្យអ្នកដំណើរតាមយានយន្ត ត្រូវអាក់ខានធ្វើចរាចររាប់ម៉ោង។

ហេតុការណ៍គ្រោះធម្មជាតិរលំបាក់ផ្ទាំងប៉ាណូខាងលើ បានកើតឡើងកាលពីវេលាម៉ោង៦និង១៥ព្រឹក ថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២១ នៅចំណុចភូមិ-ឃុំ ខាងលើ។

លោកពុធ សឺង នាយការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា ការបាក់រលំប៉ាណូខាងលើបានធ្វើឲ្យរលំប៉ះរថយន្តម៉ាកអូឌីមួយគ្រឿងខូចខាតធ្ងន់និងប៉ះផ្ទះមួយកំណាត់ខាងមុខ ប៉ុន្តែមិនបានរងគ្រោះដល់មនុស្សនៅក្នុងលំនៅដ្ឋាននោះទេ។

លោកបានបន្តថា ការបាក់រលំផ្លាកប៉ាណូនេះក៏ពុំបានធ្វើឲ្យមានការស្ទះចរាចរលើផ្លូវជាតិខាងលើនោះយូរអង្វែងឡើយ ដោយភ្លាមៗនោះបន្ទាប់ពីមានហេតុការកើតឡើងគឺ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំមន្រ្តីជំនាញចុះទៅដល់កន្លែងកើតហេតុដើម្បីឲ្យកម្លាំងជំនាញយកគ្រឿងចក្រអូស និងយកជាងផ្សារដែកផ្លុំផ្តាច់ដើម្បីយកចេញពីផ្លូវដើម្បីកុំឲ្យស្ទះចរាចរនាពេលនោះផងដែរ។

សូមបព្ជាក់ដែរថា ការបាក់រលំផ្លាកប៉ាណូខាងលើបណ្តាលឲ្យស្ទញចរាចរអស់ជាង៣ម៉ោងឯណោះ ទើបដំណើរការចរាចរវិញបាន នៅព្រឹកថ្ងៃដដែលនេះ៕