នាយឧត្តមសេនីយ៍ អ៊ី ឈាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ ក្នុងខេត្តប៉ៃលិន

(ប៉ៃលិន)៖ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ សេចក្តីសម្រេច របស់គណកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តប៉ៃលិន។ ពិធីនេះក៍មានការអញ្ជើញចូលរួមពីលោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ឯកឧត្តម លោកជំទាវគណ:អចិន្ត្រៃយ៏គណបក្សខេត្ត ព្រមទាំងសមាជិក សមាជិកាថ្នាក់ដឹកនាំចុះពង្រឹងមូលដ្ឋានឃុំ/សង្កាត់ទាំង៨ ក្នុងខេត្តប៉ៃលិនផងដែរ ។
ក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន មកជូនបងប្អូនទូទាំងខេត្តប៉ៃលិន ជាពិសេសចៀសចេញឲ្យឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ គ្រប់ៗក្រុមគ្រួសារ ។ក្នុងនោះឯកឧត្តម ក៍បានវាយតម្លៃខ្ពស់ និងអរគុណចំពោះ លោកប្រធាន អនុប្រធានក្រុមការងារ ចុះជួយក្រុង/ស្រុក/ឃុំ/ភូមិ អាជ្ញាធរស្រុក ឃុំ ភូមិ ចំពោះការលះបង់គ្រប់បែបយ៉ាង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមន្រ្តីរាជការ ចុះមកបម្រើរាស្រ្ត សហការ និងដោះស្រាយនូវរាល់បញ្ហានៅទូទាំងខេត្តប៉ៃលិន ជូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ជាពិសេសការចិញ្ចឹមចលនា ក៣ ដូចភ្លៀងរលឹម ដើម្បីជាប្រយោជន៍ សម្រាប់បក្សទាំងមូល។ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន ក៍បានឆ្លៀតយកឱកាស រំលឹកជូនអង្គប្រជុំ ដោយសង្ខេបអំពីជ័យជំនះ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគណបក្សប្រជាជនកម្ពុជាខេត្ត ទទួលបានកាលពីឆ្នាំ ២០១៧ អាណត្តិទី ៤។ ដូច្នោះ ដើម្បីបន្តរក្សាបាននូវភាពជោគជ័យនេះ ឯកឧត្តមប្រធានក្រុមការងារ បានក្រើនរំលឹក និងបង្ហាញជូនសមាជិក សមាជិកាពីចំណុចខ្លាំង ត្រូវរក្សាទុក និងត្រូវប្រតិបត្តិឲ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ស្របតាមស្ថានការជាក់ស្តែង និងភាពចាំបាច់ដោយឡែកចំណុចខ្សោយវិញ ត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ ពិនិត្យ និងកែលម្អឲ្យបាន ល្អប្រសើរ ដើម្បីឈានទៅរកការទទួលបានជោគជ័យសម្រាប់ការប្រកួតោះឆ្នោត ឆ្នាំ ២០២២ ខាងមុខ។ ដោយឡែកចំពោះផែនការសកម្មភាព ដែលត្រូវអនុវត្តដើម្បីឈានទៅសម្រេច ឲ្យបានជោគជ័យ នាឆ្នាំ ២០២២ បានធ្វើការណែនាំចង្អុលបង្ហាញបន្ថែម នូវចំណុចសំខាន់ៗមួយចំនួន ដែលដកស្រង់ចេញពីសេចក្តីសម្រេចស្តីពី “ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២” ជូនដល់សមាជិក សមាជិកា បានយល់ជ្រួតជ្រាប ច្បាស់លាស់ និងស៊ីជម្រៅដើម្បីយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ឈានទៅសម្រេចតាមផែនការដែលបានគ្រោងទុកសម្រាប់អាណត្តិទី ៥ ឆ្នាំ ២០២២ ខាងមុខ។ ក្រៅពីនេះ សមាជិកក្រុមការងារ ត្រូវតែចុះមូលដ្ឋាន ឲ្យបានជាប់ជាប្រចាំ ដើម្បីពិនិត្យ តាមដាន និងទទួលយកនូវរាល់សំណើរ របស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។ជាចុងបញ្ចប់កម្មវិធីឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន បានក្រើនរំលឹកដល់សមាជិក សមាជិកា និងជាពិសេសបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់ប្រកាន់ខ្ជាប់នូវគោលការណ៍ ៣ការពារ និង ៣កុំ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕