ឯកឧត្តម គួច ចំរើន និងឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតាមគោលដៅនានាក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានចុះពិនិត្យកន្លែងចាក់វ៉ាក់សាំង នៅតាមគោលដៅមួយចំនួនក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ គ្រាដែលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវបានប្រកាសដំណើរការជាផ្លូវការ។
គោលដៅដែលបានចុះពិនិត្យនាព្រឹកថ្ងៃទី២២នេះ រួមមាន សាលាអនុវិទ្យាល័យតេជោ សែន កម្មករ សាលាបឋមសិក្សា វិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងគោលដៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ។

សម្រាប់ខេត្តព្រះសីហនុ ចាប់តាំងពីបានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នេះមក នៅតាមគោលដៅដែលរៀបចំដោយអាជ្ញាធរក្នុងតំបន់នីមួយៗ វត្តមានពលរដ្ឋដែលគ្រប់អាយុត្រូវចាក់វ៉ាក់សាំង បានមកទទួលវ៉ាក់សាំងយ៉ាងច្រើនកុះករ ជារៀងរាល់ថ្ងៃ។នៅខេត្តព្រះសីហនុ មានប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងចំនួន ១៩៣១៦៥នាក់ កងយោធពលខេមរភូមិន្ទទទួលភារកិច្ចចាក់ចំនួន ១១៦៩៣៥នាក់។

ឯកឧត្តម ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះផ្នែកពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នាបានយ៉ាងល្អប្រសើរក្នុងការបំពេញភារកិច្ចរួមគ្នានិងអនុវត្តបានល្អនូវវិធានការ “៣.កុំ និង ៣.ការពារ “ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តម មានប្រសាសន៍ថា ថ្ងៃនេះយើងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅខេត្តចំនួន៤ព្រមៗគ្នាតែម្តង មានខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ និងខេត្តតាកែវ។
ឯកឧត្តម បានបញ្ជាក់ថា ខេត្តទាំង៤ មានប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងសរុបចំនួន ១.២៤៤.០០០នាក់ ក្នុងនោះកងយោធពលខេមរភូមិន្ទទទួលភារកិច្ចចាក់វ៉ាក់សាំងចំនួន ៨១ម៉ឺននាក់ ។
យុទ្ធនាការនេះចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ៣០ មិថុនា ឆ្នាំ ២០២១។
កងកំលាំងយោធាដែលចូលរួមនៅខេត្តព្រះសីហនុ មានកងពលតូចលេខ៧០ កងទ័ពជើងទឹក មានអង្គភាពចំណុះមូលដ្ឋានសមុទ្រ បញ្ជាការដ្ឋានកោះឆ្នេរ និងកងទ័ពជើងទឹកជ្រោយចង្វា។

ឯកឧត្តម គួច ចំរើន ថ្លែងអណរគុណសម្តេចតេជោ ដែលបានផ្តល់ទាំងវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋនិងកងកំលាំងពេទ្យកងទព័ដើម្បីជួយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនាពេលនេះ។
ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា វិធានការ (៣.ការពារ និង៣.កុំ) របស់សម្តេចតេជោ ហ៊ុន សែន ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនបំផុតដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ជូនពលរដ្ឋពេលមកទទួលវ៉ាក់សាំងនាពេលនេះផងដែរ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានណែនាំមន្ត្រីមានភារកិច្ចតាមគោលដៅនីមួយៗត្រូវខិតខំសហការគ្នាធ្វើការអោយបានល្អ រក្សាបានសណ្តាប់ល្អ សុវត្ថិភាព និងប្រសិទ្ធភាព ក្នុងបេសកកម្មចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរបស់យើង៕