ព្រៃឈើនឹងរងការបាត់បង់ ប្រសិនបើគ្មានការទប់ស្កាត់ បង្ក្រាប និងចាប់ខ្លួនជនល្មើសមកផ្តន្ទាទោស ឲ្យបានទាន់ពេលវេលានោះទេ

0

ខេត្តកំពង់ធំ.កម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានស្ទាក់ចាប់រថយន្តវេអងមួយគ្រឿង ដឹកឈើអារទាំងថ្មី និងចាស់ពេញណែន នាំយកមកចាត់ការតាមច្បាប់។
ប្រតិបត្តិការនោះ បានធ្វើឡើងនៅម៉ោង ១២ និង២៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧មិថុនាឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ៦២ ស្ថិតនៅក្នុងភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័្លង្ក ខេត្តកំពង់ធំ។
រថយន្តដែលរងការបង្ក្រាបនេះ គេបានរាយការណ៍មកថា គឺប្រភេទវេអងពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0648 ក្បាលព័ណ៌ស ទ្រុងសលាយខៀវ បានដឹកឈើចេញពីភូមិគុណភាព ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងដំណើរនាំឆ្ពោះទៅកាន់ខេត្តព្រៃវែង។
សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា រថយន្តមួយគ្រឿងនេះ ត្រូវបានសមត្ថកិច្ចស្រុកជ័យសែន ខេត្តព្រះវិហារ ចាប់នៅយប់ថ្ងៃ២៥មិថុនាឆ្នាំ២០២១ ប់ុន្តែ ត្រូវបានដោះលែងវិញ នៅថ្ងៃ២៦មិថុនាឆ្នាំ២០២១ ពេលធ្វើចរាចរណ៍ចាកចេញពីខេត្តព្រះវិហារ ចូលមកដល់ខេត្តកំពង់ធំ ក៏ត្រូវកម្លាំងសហការខាងលើ ចាប់បង្ក្រាបបានម្តងទៀត។
អ្នកឃ្លាំមើលសកម្មភាពកាប់ និងដឹកជញ្ជូនឈើ មានសង្ឃឹមថា រថយន្ត ១គ្រឿងនេះ នឹងមិនរបូតចេញពីដៃសមត្ថកិច្ច ជាលើកទី២ ទៀតឡើយ៕