រដ្ឋបាលខេត្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥៦នាក់ និងជាសះស្បើយ ៤២នាក់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១

0

សៀមរាប: រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការ​ណ៍ ការឆ្លងរា​លដា​លជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៥៦នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤២នាក់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០​២១ ដូចមានរាយនាមក្នុងតារាង។

ករណីទី១ ដល់ទី៣៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៣៦ ដល់ទី៤២ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង ២ ករណីទី៤៣ និង៤៤ ជាករណីឆ្លងបន្តពីបុគ្គលិកនៅភោជនីយដ្ឋានហេង ហេង ២ និងករណីទី៤៥ ដល់ករណីទី៥១ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្ល​ងច្បាស់​លាស់នៅឡើយ។ ចំពោះ ករណីទី៥២ ៥៣ និង៥៤ ជាអ្នកធ្វើដំណើរមកពីខេត្តព្រៃវែង, ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ចាម ដោយឡែក ករណីទី៥៥ និងទី៥៦ ជាករណីឆ្លងបន្តពីរត់តាក់ស៊ីមកពីខេត្តឧត្តរមានជ័យ។

អ្នកជាសះស្បើយទាំង៤២នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេ​ត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
​មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៣៩នាក់ បានព្យាបាលជាសះស្បើយចំនួន៣៦២នាក់ ស្លាប់៩នាក់ និង៥៦៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័​ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុង​ករណីមិនអនុវត្តកាត​ព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បា​ប់ចំពោះបុគ្គលទាំង​ឡា​យ​ណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភា​ព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។