សមត្ថកិច្ចខេត្តព្រះវិហារ បានឃាត់ខ្លួនបុរសកាន់កាតកាសែតម្នាក់ ក្រោយឆែកឆេររថយន្តរកឃើញ មានការប្រើប្រាស់អាវុធខុសច្បាប់!

0

ខេត្តព្រះវិហារ៖ បុរសកាន់កាតកាសែតម្នាក់ បានរងការឃាត់ខ្លួន និងដកហូតបានអាវុធកែច្នៃមួយដើម ដែលផ្ទុកនៅក្នុងរថយន្ត Lexese RX300 ផ្ទាល់ខ្លួនមួយគ្រឿង ពីកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ខណៈកំពុងចុះអនុវត្តច្បាប់ បាញ់ល្បឿននៅលើដងផ្លូវជាតិលេខ៩ ស្ថិតនៅក្នុងភូមិបុស្សធំ នៃស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨មិថុនាឆ្នាំ២០២១។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនបុរសកាន់កាតកាសែតម្នាក់នោះ បុរសនេះបានបើកបររថយន្ត Lexese RX300 ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0074 ពណ៌កាំម៉ៃ មួយគ្រឿង នៅលើដងផ្លូវជាតិលេខ៩ ក្នុងល្បឿងលឿន ស្របពេលដែលកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានចុះអនុវត្តច្បាប់ចរាចរណ៍ ដោយបានដាក់ម៉ាស៊ីនស្វ័យប្រវត្តិបាញ់ល្បឿន ហើយបានឃាត់ទុក បន្ទាប់ពីរថយន្តនោះ បានបើកបរលើសល្បឿនកំណត់ និងបានឆែកឆេររកឃើញ មានផ្ទុកអាវុធកែច្នៃមួយដើមនៅក្នុងរថយន្ត ជាប្រភេទកាំភ្លើងខ្យល់ អាចបាញ់សម្លាប់ជីវិតសត្វ និងមនុស្សបាន ផងដែរ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឃាត់ខ្លួន ជាមួយនឹងការដកហូតអាវុធកែច្នៃមួយដើមនោះរួច កម្លាំងចរាចរណ៍ ក៏បានប្រគល់ជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងបទល្មើស ទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ចាត់ការជាបន្ត។ បុរសកាន់កាតកាសែតម្នាក់ ដែលរងការឃាត់ខ្លួននោះ ត្រូវគេស្គាល់ឈ្មោះ គីម គឹមឡាយ អាយុ ៤០ឆ្នាំ រស់នៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ បុរសនេះ គឺជាអ្នកយកព័ត៌មានឲ្យអង្គភាព គេហទំព័រ www.smdaily news ប្រចាំខេត្តព្រះវិហារ។
អធិការនគរបាលស្រុកត្បែងមានជ័យ លោកវរ:សេនីយ៍ឯក រិទ្ធ សូណា អ្នកសារព័ត៌មានជាច្រើនស្ថាប័ន មិនអាចសុំការបំភ្លឺបានទេ ព្រោះពេលខលសួរ ទូរស័ព្ទរោទិ៍ជាច្រើនដង តែគ្មានអ្នកលើក។ ប៉ុន្តែ របាយការណ៍ដ៏ខ្លីមួយ បានបង្ហាញតាមរយៈអ្នកសារព័ត៌មានក្នុងខេត្ត ឲ្យដឹងថា កម្លាំងនគរបាលជំនាញស្រុក បានហៅ លោក គីម គឹមឡាយ មកអប់រំ និងបានធ្វើកិច្ចសន្យា ឲ្យឈប់រាល់សកម្មភាព ឬចលនា នានា ដែលបង្ករឲ្យមានភាពច្របូកច្របល់ នៅក្នុងភូមិសាស្រ្តស្រុកត្បែងមានជ័យ នោះទៀត។ ការធ្វើកិច្ចសន្យា ជាមួយនឹងការដោះលែងវិញនោះ ត្រូវគេសង្ស័យថា អាចមានអន្តរាគមន៍ដោះលែង ពីមនុស្សមានលុយមួយក្រុមតូច នៅក្នុងខេត្តព្រះវិហារ។
ដោយឡែក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តព្រះវិហារ លោកវរៈសេនីយ៍ឯក គង់ គា បានបញ្ជាក់ឲ្យដឹង តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃ២៩មិថុនានេះថា ជនសង្ស័យ ជាមួយនឹងអាវុធកែច្នៃមួយដើមនោះ ត្រូវបានកម្លាំងការិយាល័យ នាំយកមកកសាងសំណុំរឿង ហើយជនសង្ស័យរួមទាំងអាវុធកែច្នៃមួយដើមនេះ នឹងត្រូវបញ្ជូនទៅកាន់តុលាការខេត្តព្រះវិហារ នាថ្ងៃដដែលនេះ ក្រោយពីបញ្ចប់ការសាកសួរ និងចងក្រងឯកសាររួច។
គេនៅរង់ចាំមើល ថាតើជនសង្ស័យ ក្នុងនាមជាអ្នកសារព័ត៌មានម្នាក់ ដែលបានប្រើប្រាស់អាវុធល្មើសនឹងច្បាប់រដ្ឋនោះ អាចគេចផុតពីចំណាត់ការផ្លូវច្បាប់ របស់តុលាការខេត្តព្រះវិហារ ដែរឬទេ? ព្រោះត្បិតបុរសម្នាក់នេះ ត្រូវគេដឹងថា មិនត្រឹមតែជាអ្នកកាន់កាតកាសែត និងការប្រើប្រាស់អាវុធខុសច្បាប់ប៉ុណ្ណោះទេ ថែមទាំងធ្វើជាអ្នកដើរប្រមូលទិញឈើគ្រប់ទីកន្លែង ឲ្យមេឈ្មួញក្នុងខេត្តព្រះវិហារ ថែមទៀតផង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៤មិថុនាឆ្នាំ២០២១ កម្លាំងនគរបាលស្រុកត្បែងមានជ័យ បានឃាត់ខ្លួនបុរស និងស្ត្រីកាន់កាតកាសែត ៨នាក់ ដោយចោទពីបទ «កំហែងយក» ក្នុងសកម្មភាពដេកចាំថតរថយន្តដឹកឈើ របស់ថៅកែដេប៉ូក្រាំងដូង និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត និងចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បានចោទប្រកាន់ អ្នកកាសែតទាំង ៨នាក់នោះ ដោយបានបញ្ជូនខ្លួនទៅដាក់ពន្ធនាគារខេត្តព្រះវិហារ។ ប៉ុន្តែ ប្រហែលជាង ១សប្តាហ៍មុននេះ អ្នកកាសែតម្នាក់ ក្នុងចំណោម ៨នាក់ ត្រូវបានដោះលែងវិញ បន្ទាប់ពីប្រពន្ធគាំងបេះដូងស្លាប់ ក្រោយទទួលដំណឹងថា សមត្ថកិច្ចខេត្តព្រះវិហារ បានចាប់ប្តីខ្លួនដាក់គុកនោះមក ៕