មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ អាចផលិតខ្យល់អុកស៊ីហ្សែនបានដោយខ្លូនឯងក្នុងមួយថ្ងៃ ៤២០ម៉ែត្រគីប ស្មើនឹង ៧០បំពង់

0

ខេត្តព្រះសីហនុ៖ លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថាមន្ទីរពេទ្យ បង្អែក ខេត្តព្រះសីហនុបច្ចុប្បន្នបាន ដំឡើងម៉ាស៊ីន សម្រាប់ផលិតខ្យល់អុកស៊ីហ្សែន ដែលមានសមត្ថភាពផលិត ក្នុង មួយម៉ោងបាន ៣៥ម៉ែត្រគីប ស្មើនឹង ៥បំពង់ គឺក្នុងថ្ងៃអាចផលិតបាន៤២០ម៉ែត្រគីប ស្មើនឹង ៧០បំពង់នេះជា សមិទ្ធផលថ្មីអាចផ្គត់ផ្គង់ទុកសម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះអ្នកជំងឺឱ្យទាន់ពេលវេលានៅពេលអ្នកជំងឺត្រូវការខ្យល់អុកស៊ីហ្សែនចាំបាច់។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ ក្នុងឱកាសលោកអញ្ជើញចុះទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលចង្វាក់ផលិតកម្ម ការផលិត ខ្យល់អុកស៊ីហ្សែនដែលត្រូវបានដំឡើងថ្មីបានមានប្រសាសន៍ថាជាមោទនភាពណាស់ដែលខេត្តព្រះសីហនុមានម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែនអាចបំពេញតាមតម្រូវការរបស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្នុងការជួយសង្រ្គោះដល់អ្នកជំងឺទាន់ពេលវេលាដែលត្រូវការខ្យល់អុកស៊ីហ្សែន។
ជាមួយគ្នានេះលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានបន្តអញ្ជើញចុះពិនិត្យ មើលអគារដែលកំពុងសាងសង់ទុកសម្រាប់ព្យាបាលមួយកន្លែងទៀតជូនដល់អ្នកជំងឺដែលបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងសិក្សាក្នុងការសាងសង់កន្លែងសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ជា មួយគ្នានោះដែរលោកអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលប្រចាំ ការ នៅក្នុងបន្ទប់ពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើតេស្តរកមេរោគ ហើយឱ្យមានប្រសិទ្ធភាពខ្ពស់ និងផ្ដល់ទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើតេស្តរកមេរោគ ផ្សេងៗ ជាពិសេសមេរោគជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតក្នុងខេត្តព្រះសីហនុរបស់យើង៕នាគសមុទ្រ