មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បាននាំយកគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនក្រុមគ្រូពេទ្យនិងកងកម្លាំងទាំង៣ នៅបីមណ្ឌល ដែលកំពុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពី រាជរដ្ឋាភិបាលកម្ពុជា !

ខេត្តព្រះវិហារ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ រួមនឹងអភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកគ្រឿងបរិភោគទៅកាន់មណ្ឌលចំនួន ៣ ដែលកំពុងបើកដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននីមួយៗ ទៅតាមគោលការណ៍ស្ម័គ្រចិត្ត និងការអនុវត្តន៍ទៅតាមគោលការណ៍រាជរដ្ឋាភិបាល ដែលបានគ្រោងទុក។ ការចុះទៅទីតាំងទាំង៣នោះ បានធ្វើឡើងនៅថ្ងៃទី១៩កក្កដាឆ្នាំ២០២១នេះ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានមានប្រសាសន៍ថា អំណោយជាគ្រឿងបរិភោគ ដែលបាននាំយកមកផ្តល់ជូន ដល់ក្រុមគ្រូពេទ្យ និងកងកម្លាំងទាំង៣ នៅ៣មណ្ឌល ដែលកំពុងបើកទទួលប្រជាពលរដ្ឋ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលទីតាំង៣នោះ គឺបានធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាត្បែងមានជ័យ ,សាលាក្រុងព្រះវិហារ និងសាលាបឋមសិក្សាប៉ាលហាល ដែលស្ថិតនៅក្នុងក្រុងព្រះវិហារ។ លោកថា អំណោយទាំងនោះ រួមមាន៖ ទឹកបរិសុទ្ធ ៤០កេស ,ភេសជ្ជៈបាកាស ១០កេស និងទឹកក្រូចកំប៉ុង ១១កេស សរុប មានចំនួន ៥១កេស ដែលបាននាំយកមកឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យ និងកងកម្លាំងទាំង៣ នៅក្នុងសកម្មភាពការពារទីតាំង និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែង លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងកងកម្លាំងទាំង៣ ដែលកំពុងបំពេញបេសកកម្មការងារ ដ៏វិសេសវិសាល ក្នុងឆន្ទៈបម្រើកិច្ចការងារសង្គម ដោយឥតងាករេ នៅក្នុងពេលនេះ បន្តពង្រឹងឆន្ទៈដ៏មុតស្រួចនេះ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋ ទៅតាមគោលការណ៍របស់ រាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានអំពាវនាវដល់ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យនាំគ្នាមកចុះឈ្មោះ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ទៅតាមគោលការណ៍ស្ម័គ្រចិត្ត និងអនុវត្តតាមគោលការណ៍របស់ រាជរដ្ឋាភិបាល ក្នុងការរួគ្នាពង្រឹងការអនុវត្តវិធានការ ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទប់ស្កាត់កុំឲ្យជំងឺដ៏កាចសាហាវនេះ បន្តឆ្លងចូលក្នុងសហគមន៍ ក្រុមគ្រួសារ និងខ្លួនយើងបានទៀតឡើយ។
អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានថ្លែងឲ្យដឹងថា ដំណើរការចាក់វ៉ាងសាំងនៅក្នុងក្រុង បានធ្វើឡើងចាប់ពីថ្ងៃទី១៤កក្កដាឆ្នាំ២០២១ នោះមក ដោយក្រុមគ្រូពេទ្យជំនាញ បានដំណើរការចាក់ទាំង២ដូស នូវវ៉ាក់សាំង២ប្រភេទ គឺវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដែលត្រូវចាក់ជូនប្រជាពលរដ្ឋនៅក្នុងព្រះវិហារ ចំនួន ១ម៉ឺន ៧៧០នាក់ នឹងត្រូវធ្វើឡើងនៅ ៥ទីតាំងផ្សេងគ្នា គឺ នៅក្នុងបរិវេណសាលាបឋមសិក្សាត្បែងមានជ័យ មាន៣ ទីតាំង និងនៅសាលាសង្កាត់ប៉ាលហាលមាន ២ទីតាំង។
លោកអភិបាលក្រុងព្រះវិហារ បានបញ្ជាក់ថា ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅលើកនេះ មានសភាពធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ នៅក្នុងសង្កាត់ប៉ាលហាល ហើយរដ្ឋបាលខេត្ត បានសម្រេចបិទខ្ទប់ទទីតាំងចំនួន ៦កន្លែង ជាពិសេស ផ្សារកំពង់ប្រណាក ត្រូវបានបិទខ្ទប់ជុំវិញបរិវេណផ្សារទាំងស្រុង ចំណែក ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានចូលរួមផ្តល់សំណាក់គ្រប់ៗគ្នាផងដែរ។ លោកថា ក្រោយការយកសំណាក់ និងក្រោយពីបិទខ្ទប់ផ្សារកំពង់ប្រណាកនោះមក អាជ្ញាធរខេត្ត និងអាជ្ញាធរក្រុង បានរៀបចំផ្សារលក់ដូរជាបណ្តោះអាសន្នមួយ ជូនអាជីវករ នៅក្រោយវិមានឯករាជ្យ សម្រាប់អាជីវករណា ដែលបានផ្តល់សំណាករួច និងរក្សាគម្លាតសង្គមបានយ៉ាងត្រឹមត្រូវ ហើយចាប់ពីថ្ងៃទី១៤កក្កដា មកដល់ថ្ងៃទី១៩កក្កដាឆ្នាំ២០២១នេះ ប្រជាពលរដ្ឋដែលបានមកចាក់វ៉ាក់សាំង មានចំនួន ៤ពាន់ ៦៨៩នាក់ ស្រី ២ពាន់ ៩៩៥នាក់។ លោកអភិបាលក្រុង បានបញ្ជាក់ថា អាជ្ញាធរក្រុងបានចុះបំផុតប្រជាពលរដ្ឋ ឲ្យរក្សាគម្លាតសង្គម និងការអនុវត្តតាមវិធានការ ៣កុំ ៣ការពារ តាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ និងអាជ្ញាធរខេត្តព្រះវិហារ ហើយក៏មិនអនុញ្ញាតឲ្យមានការជួបជុំគ្នា ចាប់ពី៣នាក់ឡើងទៅនោះឡើយ ដើម្បីខ្លួនយើង គ្រួសារយើង និងសហគមន៍យើង គ្មានការឆ្លងជំងឺកូវីដ-១៩៕
ដោយ៖ឡុង សំបូរ