អភិបាលខេត្តកំពង់ចាម ចូលរួម​អបអរសាទរចំពោះស្ត្រីម្នាក់ ដែលជាប់លេខរៀងទី៦លាន ក្នុងការចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ទទួលបានថវិកាលើកទឹកចិត្ត ពីសម្ដេចតេជោ​ ហ៊ុន​ សែន​

 កំពង់ចាម​:​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ បានចូលរួមអបអរសាទរចំពោះស្ត្រីម្នាក់ ដែលជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានជាប់លេខរៀងទី ៦លាន ក្នុងការមកទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងទទួលបានថវិកាថវិកាលើកទឹកចិត្ត ចំនួន ១០លានរៀល និងសម្ភារៈផ្សេងៗទៀត ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ។ ការថ្លែងអបអរនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ។

ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងថា នេះជាកិត្តិយស របស់ខេត្តកំពង់ចាម ពីព្រោះថា ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងត្រូវបញ្ចប់នៅត្រឹមលេខរៀងទី ១០លាន ប៉ុន្តែ ជាព្វសំណាង ស្រាប់តែលេខរៀងទី ៦លាន គឺបានទៅលើប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម របស់យើង ។ ឯកឧត្ដម បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែ គិតគូអំពីអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ តាមរយៈ ដាក់ចេញនូវ «យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង» សំដៅបង្កើតឲ្យមានភាពស៊ាំ ទប់ទល់នឹងការឆ្លងរីករាករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍ ប៉ុណ្ណោះទេ ក៏ប៉ុន្តែ រាជរដ្ឋាភិបាល បានផ្ដល់ការលើកទឹកចិត្តជាប្រាក់រង្វាន់ ទៅដល់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងលេខរៀងទីលានៗ ក្រោយពីមកទទួលវ៉ាក់សាំងបង្ការជម្ងឺកូវី-១៩ រួចហើយ ផងដែរ ។ 

ឯកឧត្ដមបញ្ជាក់ដែរថា យ៉ាងណាមិញ នៅថ្ងៃនេះ ផងដែរ លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងដឹកនាំគណៈប្រតិភូ ដើម្បី នាំថវិកាលើកទឹកចិត្ត របស់សម្ដេចតេជោ មកផ្ដល់ជូនបងស្រី ផេង សឿន នៅស្រុកចំការលេី ផងដែរ ។

​សូមបញ្ជាក់ថា បើតាមសារនៅក្នុងផេកផ្លូវការ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរថា  ៖ «មកដល់ថ្ងៃនេះ កម្ពុជាយើង បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ៦លាននាក់ ស្មើនឹង ៦០ភាគរយ នៃប្រជាជន ១០លាននាក់ ដែលត្រូវចាក់ ។ លេខរៀងទី ៦លាន បានទៅលើប្អូនស្រី ផេង សឿន​ អាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ ។ លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា ១០លានរៀល និងសម្ភារៈផ្សេងៗទៀត ដែលជាជំនួយរបស់ខ្ញុំ ទៅប្រគល់ជូនដោយផ្ទាល់ ។

​បើតាមរបាយការណ៍ របស់រដ្ឋបាលសាលាខេត្តកំពង់ចាម ស្ដីពីស្ថានភាពជម្ងឺកូវីដ ១៩ នៅក្នុងខេត្តកំពង់ចាម មកដល់បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ចាម មានករណីឆ្លងសរុប ចំនួន ៣.២៨៧ករណី ជាសះស្បើយ ២.៣៣៥នាក់ និងករណីស្លាប់ ៦១នាក់ ។ បច្ចុប្បន្ន ករណីឆ្លងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួន ៨៩១នាក់ ។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងថ្នាក់ខេត្ត ដោយមានការយកចិត្តទុដាក់ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានដំណើរការចាក់វ៉ាក់សាំងបង្ការជូនប្រជាពលរដ្ឋ ចំនួន ២លើក គឺ ៖ លើកទី១ ក្នុងដូសទី១ ដើម្បី ចាក់ជូនប្រជាពលរដ្ឋ ១ក្រុង និងស្រុក ៤ សម្រេចបានចំនួន ២៣៤.៨១៥នាក់ ស្មើនឹង ៧០% ។ និងលើកទី២ ក្នុងដូសទី១ កំពុងចាក់ជូនប្រជាពលរដ្ឋ ចំនួន ៥ស្រុក រហូតមកដល់ពេលនេះ សម្រេចបានចំនួន ៨១.៥៣៤នាក់ ស្មើនឹង ៣០,២០% នៃផែនការ ។ ហើយក្រុមគ្រូពេទ្យជំនាញ ក៏កំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋយើង ជារៀងរាល់ថ្ងៃ ផងដែរ ៕