ប្រធានគណបក្សប្រជាជនខេត្តកំពត ក្រើនរម្លឹកដល់សមាជិកឲ្យគិតគូរពីប្រយោជន៍ជាតិ ពលរដ្ឋ និងបក្សជាធំ

(ខេត្តកំពត)៖ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានក្រើនរម្លឹកដល់សមាជិកបក្សរបស់ខ្លួន នៅពេលធ្វើអ្វីមួយត្រូវគិតគូរដល់ផលប្រយោជន៍ជាតិ ប្រយោជន៍ពលរដ្ឋ និងបក្សជាធំ ពិសេសត្រូវរួមសាមគ្គី ឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះពេញសិទ្ធិចំនួន១៣រូបនិងបម្រុងចំនួន១៥រូប នៃក្រុមប្រឹក្សាក្រុងបូកគោខេត្តកំពតដែលនឹងដំណើរការបោះឆ្នោតនៅថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ

កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១ឯឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនខេត្តកំពត បានលើកឡើងថា  សមិទ្ធផលជាច្រើនក្រៃលែង រយៈពេល៤២ឆ្នាំកន្លងទៅនេះ គឺផ្ដើមចេញពីជ័យជម្នះ៧មករា ប្រជាជនកម្ពុជាបានសម្រេចនូវការផ្លាស់ប្ដូរសង្គមយ៉ាងធំធេង ដែលពុំអាចនឹកស្មានដល់។

កម្ពុជា បានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែក ទឹកដី ពីគំនរផេះផង់ទៅជាទឹកដី ដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅប្រកបដោយក្តីសង្ឃឹមយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

 ឯកឧត្តមបានបន្តថា ដើម្បីការពារសមិទ្ធិផល  និងបន្តការអភិវឌ្ឍន៍ ទៅមុខទៀត សមាជិកម្នាក់ត្រូវលើកកម្ពស់មនសិការស្នេហាជាតិ បក្ស មានវិន័យត្រឹមត្រូវ ដោយប្រកាន់ជំហរ ក្នុងការអនុវត្ត របបសមូហភាពដឹកនាំ, ម្នាក់ៗទទួលខុសត្រូវ។ ត្រូវមានស្មារតីគិតអំពីផលប្រយោជន៍របស់ជាតិ ប្រជាជន និងបក្សមុននឹងគិតធ្វើអ្វីមួយ , ត្រូវយកចិត្តទុកដាក់កសាងទំនាក់ទំនងល្អជាមួយប្រជាជន លើកកម្ពស់ការចូលរួម ពង្រឹងសមត្ថភាព និងអនុវត្តការងារប្រកបដោយគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនគណបក្ស ។ ពិសេសត្រូវមានជំហរអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈគណបក្សប្រជាជនកម្ពុជា និងត្រូវបោះឆ្នោតជូនគណបក្សប្រជានកម្ពុជា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ខាងមុខ និងត្រូវសាមគ្គី ឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស ហើយជានិច្ចកាលក៏ត្រូវតែជួយមតិគ្នាទៅវិញទៅមក ដើម្បីការរីកចម្រើនក្នុងបក្សនិងប្រទេសជាតិ។

ឯកឧត្តមប្រធានគណបក្សប្រជាជនខេត្តកំពត ក៏បានសម្ដែងក្ដីសង្ឃឹមថាគណបក្សប្រជាជនកម្ពុជានឹងទទួលបានលទ្ធផលជោគជ័យ លើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត អាណត្តិទី១ ដែលនឹងធ្វើឡើង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រោមការរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនាពេលខាងមុខ នេះពុំខានឡើយ។ 

សូមបញ្ជាក់ថា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោអាណត្តិទី១នេះ មានគណបក្សចំនួន ៤ចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា,គណបក្សហ៊្វុនស៊ិនប៉ិច,គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា៕ សេង ណារិទ្ធ