អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខកងកម្លាំងទាំង៣ និងពិនិត្យសំណង់វេទិកាទិវាវប្បធម៌រួមគ្នា រវាងកម្ពុជា-ឡាវ នៅតំបន់ព្រំដែនផ្លូវទឹក ស្ថិតនៅក្នុងស្រុកឆែប !

ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានដឹកនាំមន្ត្រីខេត្ត កងកម្លាំងទាំង៣ មន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រីនៅក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធទាំង៣ នៅតំបន់ព្រំដែនផ្លូវទឹក ការពិនិត្យសំណង់វេទិកាទិវាវប្បធម៌រួមគ្នា រវាងមិត្តភាពកម្ពុជា-ឡាវ និងការសាងសង់អាស្រម ដើម្បីបែរបន់សុំសេចក្តីសុខពីម្ចាស់ថែរក្សាទឹកដី នៅថ្ងៃទី២២កក្កដាឆ្នាំ២០២១នេះ ស្ថិតនៅក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងដំណើរចុះទៅកាន់តំបន់ព្រំដែនផ្លូវទឹកនោះ លោកអភិបាលខេត្ត ក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈសុខាភិបាលមួយចំនួន ទៅឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលកំពុងឈរជើងនៅតំបន់ព្រំដែនកំពង់ស្រឡៅ ស្រុកឆែបនោះ រួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ភេសជ្ជៈ ទឹកបរិសុទ្ធ ម៉ាស់ ទឹកអាល់កុល និងសម្ភារៈការពារជំងឺកូវីដ-១៩ មួយចំនួន ថែមទៀត។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ណែនាំ ដល់មន្ត្រីជំនាញទទួលបន្ទុកលើការសាងសង់វេទិកា សម្រាប់ប្រារព្ធពិធីបុណ្យអ៊ុទូក អកអំបុក និងសំពះព្រះខែ ដែលវេទិកានេះ បានចាត់ទុកជាវេទិកាទិវាវប្បធម៌រួមគ្នាមួយ រវាងមិត្តភាពកម្ពុជា-ឡាវ ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ត្រូវពន្លឿនលើការសាងសង់ ព្រោះត្បិតរដូវវស្សាបានឈានចូលមកដល់ហើយ។ រីឯការសាងសង់វេទិកានោះ ត្រូវធ្វើឡើងតាមស្តង់ដាបច្ចេកទេស និងប្រកបដោយគុណភាពខ្ពស់ ទុកសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ ក្រើនរំលឹកដល់មន្ត្រីសាងសង់វេទិកា មន្ត្រីសាងសង់អាស្រមម្ចាស់ទឹកម្ចាស់ដី និងកងកម្លាំងទាំង៣ ក៏ដូចប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងមូលដ្ឋាននោះទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជានិច្ច ដោយត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងការអនុវត្តន៍តាមវិធានការ ៣កុំ ៣ការពារ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងបន្តឆ្លងរាដាលពីមនុស្សម្នាក់ ទៅមនុស្សច្រើននាក់ និងការឆ្លងចូលក្នុងសហគមន៍ ដ៏គួរឲ្យព្រួយបារម្ភនាពេលនេះ។
គួរបញ្ជាក់ថា វេទិការបុណ្យអ៊ុទូក អកអំបុក និងសំពះព្រះខែ មួយខ្នងនេះ មានទំហំទទឹង ១៥ម៉ែត្រ និងបណ្តោយ ២៧ម៉ែត្រ ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៨ខែមីនាឆ្នាំ២០២១។ វេទិការនេះ គេគ្រោងនឹងសាងសង់ក្នុងរយៈពេល ៨ខែ ហើយគ្រោងនឹងបញ្ចាប់លើការសាងសង់ នៅក្នុងខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះ ដែលនឹងត្រូវចំណាយថវិកាអស់ប្រមាណជិត ១០ម៉ឺនដុល្លារអាមេរិក។
អភិបាលស្រុកឆែប លោក សុខ សាន្តដារ៉ា បានថ្លែង ចាត់ទុកតំបន់កំពង់ស្រឡៅ គឺជាមជ្ឈមណ្ឌល នៃសក្តានុពលទេសចរដ៏ធំមួយ នៅខេត្តភាគខាងជើងកម្ពុជា ក្រោយពីវិបត្តិជំងឺកូវីដ ១៩ ត្រូវបានបញ្ចាប់ នាពេលខាងមុខនេះ។ លោកបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីជំងឺកូវីដ១៩ ផុតរលត់ទៅ ទីតាំងវេទិការទិវាវប្បធម៌រួមគ្នានេះ នឹងទទួលបានការគាំទ្រ និងមានអ្នកទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកាន់តែច្រើន ជួយបង្កើនជីវភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ កាន់ធូរធារទ្វេរឡើងមួយកម្រិតទៀត កាត់បន្ថយបាននូវភាពក្រីក្រ ស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ៕ ដោយ៖ឡុង សំបូរ